(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់សាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន បន្តជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាបន្ថែមទៀត ពិសេសកម្រិតថ្នាក់បណ្ឌិត (PHD) នៅក្នុងសាកលវិទ្យាល័យរបស់ខ្លួន។

ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រីសាស្រ្តាចារ្យ Yamamoto Eiko នៃសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ទទួលបន្ទុកកម្មវិធី Young Leaders’ Program (YLP) នៃសាកលវិទ្យាល័យណាហ្គោយ៉ា (ប្រទេសជប៉ុន) នាទីស្តីការក្រសួង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ លោកស្រីសាស្រ្តាចារ្យ និងសាកលវិទ្យាល័យ ដែលបានជួយគាំទ្រ និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា ជាពិសេសមន្ត្រីក្រសួងសុខាភិបាល ។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យបានសំណូមពរដល់ភាគីជប៉ុនជួយបង្កើនចំនួននិស្សិតដែលត្រូវបណ្តុះបណ្តាល ជាពិសេសវគ្គបណ្តុះបណ្តាលបណ្ឌិត (PHD) ដើម្បីពង្រាយមន្ត្រីដែលបានសិក្សាផ្នែកសុខភាពសាធារណៈ ព្រមទាំងបានទទួលវប្បធម៌ ដ៏ល្អរបស់ជប៉ុន ទៅកាន់មន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា។

ជាការឆ្លើយតបលោកស្រីសាស្រ្តាចារ្យ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមតាមរយៈកម្មវិធី Young Leaders’ Program តាមអនុសាសន៍របស់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី។

លោកស្រីសាស្ត្រាចារ្យក៏បានថ្លែងអំណរគុណ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តសាកលវិទ្យាល័យ និងកោតសរសើរវប្បធម៌របស់ជប៉ុន។

សូមជម្រាបថាជំនួបខាងលើនេះ បានធ្វើឡើងក្នុងគោលបំណងបង្ហាញពីអំពីលទ្ធផលនៃកម្មវិធី Young Leaders’ Program តាំងពីបង្កើតមកមានរយៈពេល ២២ឆ្នាំហើយ ភាគីសាលារបស់ជប៉ុនខាងលើនេះ ដែលបានបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលជាមន្ត្រីរាជការ ចំនួន ២៥រូប ក្នុងនោះវិស័យសុខាភិបាល មានចំនួនច្រើនជាងគេ និងស្នើសុំអនុសាសន៍ណែនាំ ពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី លើការងារនេះជាបន្ត៕