Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនសម្ដេចតេជោ ហ៊ុន សែន ចំពោះការផ្ញើសារជូនពរលោកជំទាវ ក្នុងឱកាសខួបចម្រើនជន្មាយុ

22-01-2025 21:25

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្ញើសារជូនពរលោកជំទាវ ក្នុងឱកាសខួបចម្រើនជន្មាយុ។

សារលិខិតរបស់លោកជំទាវមានខ្លឹមសារដូច្នេះថា៖ «នាងខ្ញុំសូមគោរពសម្ដែងនូវសេចក្ដីថ្លែងអំណរគុណ ប្រកបដោយក្តីរំភើបរីករាយ និងមនោសញ្ចេតនាគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែល សម្តេច បានផ្ញើសារជូនពរយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ដល់រូបនាងខ្ញុំ ក្នុងឱកាសខួបកំណើតនាងខ្ញុំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ។

ជាមួយគ្នានេះ នាងខ្ញុំ សូមសម្ដែងនូវការគោរពដឹងគុណ និងកោតសរសើរដ៏ស្មោះស្ម័គ្របំផុត ចំពោះស្នាដៃដឹកនាំប្រទេសដ៏ឈ្លាសវៃបំផុត ប្រកបដោយភាពប្រាកដនិយម មនសិការស្រលាញ់ប្រទេសជាតិ និងប្រជាជន ព្រមទាំងការលះបង់គ្រប់បែបយ៉ាង និងមិនអាចប្រៀបផ្ទឹមបានរបស់ សម្ដេចតេជោ ដោយសម្រេចបានសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ នារយៈកាលកន្លងមក ជាពិសេសការសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសន្តិភាពពេញលេញ ព្រមទាំងធានាបាននូវស្ថិរភាពនយោបាយយូរអង្វែង និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំ សូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី គុណបុណ្យព្រះរតនត្រ័យ និងឫទ្ធិបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា សូមបានប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់
ជន្មាយុយឺនយូរ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀតជូនព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្ដងទៀត នាងខ្ញុំ សូមគោរពជូនពរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ»៕