(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានថ្លែងផ្ដល់អនុសាសន៍៦ចំណុចដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធានាបាននូវការអនុវត្តទិសដៅការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការថ្លែងរបស់លោក បានធ្វើឡើងនាឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលមានអ្នកចូលរួមចំនួនជិត ៤០០នាក់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការចូលរួមជាអធិបតីក្នុងអង្គសន្និបាតនេះ ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលលោកទាំងពីរតែងតែគិតគូរជានិច្ចអំពីវិស័យកសិកម្ម។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថាវិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងនោះក៏បានកំណត់ក្នុងគោលនយោបាយអាទិភាពទាំង ៦ចំណុចផងដែររួមមាន ការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍កសិកម្មទំនើប។
នាឱកាសដ៏វិសេសវិសាលនេះ លោក សុខ ចិន្តាសោភា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរថ្នាក់ជាតិ និងខេត្ត កងកម្លាំង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលជាតួអង្គតែមួយក្នុងវិស័យកសិកម្ម បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធសត្វល្អិតលើដំណាំស្រូវ បញ្ហាខ្វះខាតទឹកសម្រាប់ស្រែប្រាំង និងការចុះចែកពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី បានអបអរសាទរនូវការខិតខំក្នុងការបង្ក្រាបបទល្មើសជលផល ព្រៃឈើ និងសត្វព្រៃ បូករួមទាំងកិច្ចការអភិរក្សនូវប្រភេទសត្វកម្រនានា ទទួលបានលទ្ធផលវិជ្ជមាន ការទទួលបានពានរង្វាន់អង្ករល្អប្រណិតលើកទី០៦ និងការកោតសរសើរលើការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា និងមន្ទីរពិសោធន៍ជាតិ ដើម្បីបង្កើនគុណភាព សុវត្ថិភាពចំណីអាហារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នៅចំពោះមុខអង្គសន្និបាត លោកឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (១)ជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន (២)ស្នើក្រសួងកសិកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតនូវសួនកសិ-ឧស្សាហកម្ម ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម (៣)លើកទឹកចិត្តដល់ធនាគារនានា ផ្តល់នូវកម្ចីការប្រាក់ទាបដល់វិស័យកសិកម្ម ដែលមានការខ្វះខាតទុន និងតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ (៤)បង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុក តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីចូលរួមរក្សាគុណភាពដី និងបង្កើនប្រាក់ចំណូលប្រជាកសិករ (៥)ប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផល ព្រៃឈើ និងសត្វព្រៃ និង(៦) ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ ដីព្រៃ និងព្រៃលិចទឹក។
ជាថ្មីម្ដងទៀត លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្រោមការដឹកនាំរបស់ លោក ឌិត ទីណា សម្រេចបានសមិទ្ធផលជាច្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាបាននូវសន្តិសុខស្បៀង កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លើសពីនេះ លោក បានលើកទឹកចិត្តក្នុងការអនុវត្តការងារជាមួយនឹងយុទ្ធសាស្រ្តមុតស្រួច និងប្រាកដនិយមដើម្បីឱ្យសមស្របទៅគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលត្រឹមឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕