(ភ្នំពេញ)៖ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៦ នេះ ធនាគារជាតិនៃកម្ពុជា សហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “លទ្ធផលនៃការអង្កេតអំពីការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា” ក្រោមអធិបតីភាព លោកស្រី នាវ ចន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាង លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅសណ្ឋាគារភ្នំពេញ ។

សិក្ខាសាលានេះមានការចូលរួមពី ស្ថាប័នជាដៃគូអភិវឌ្ឍន៍អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ក្រសួងនិងស្ថាប័នរដ្ឋ សាកលវិទ្យាល័យ គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ និងអ្នកស្រាវជ្រាវសេដ្ឋកិច្ច ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីលទ្ធផលនៃការអង្កេតលើអាកប្បកិរិយារបស់ភ្នាក់ងារសេដ្ឋកិច្ច ដែលរួមមាន អង្គភាពគ្រួសារ សហគ្រាស គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់រៀល លើការប្រើប្រាស់ប្រាក់ និងរូបិយប័ណ្ណបរទេសនៅកម្ពុជា ។

លោកស្រី នាវ ច័ន្ទថាណា បានឲ្យដឹងថា វិស័យធនាគារនៅកម្ពុជាមានការ​​អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិយ៉ាងទូលំទូលាយ ហើយ​​ធនាគារបានដើរតួយ៉ាងសំខាន់ក្នុងការគៀរគរមូលនិធិ និងការបែងចែកធនធានដែលមាន​​ប្រសិទ្ធិ​​ភាព ដើម្បីបំពេញតម្រូវការនៃការវិនិយោគលើវិស័យសេដ្ឋកិច្ចនានា។

ជាមួយគ្នានេះដែរ លោកស្រីក៏បានថ្លែងអំណរគុណទៅអង្កការJICA ដែល​​តែងតែជួយទៅលើបញ្ហាសំខាន់ៗ​ ទាំងឡាយរបស់កម្ពុជា៕