(កំពង់ឆ្នាំង)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ បន្តអនុវត្តជាប្រចាំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ រើស និងប្រមូលសំរាម សំណល់ប្លាស្ទិក ដែលជាការបង្ហាញពីការគាំទ្រ ការចូលរួម និងការលើកទឹកចិត្តដល់ក្រសួងបរិស្ថាន ក្នុងការអនុវត្តភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន និងស្នើឱ្យរដ្ឋបាលខេត្តរក្សាភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកនេះបានជានិរន្តរ៍ក្នុងខេត្ត។
លោក អ៊ាង សុផល្លែត បានលេីកឡេីងដូចនេះ ក្នុងពេលប្រកាសជាខេត្តកំពង់ឆ្នាំង ជាខេត្តស្អាត គ្មានសំរាមប្លាស្ទិកតាមទីសាធារណៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានអ្នកចូលរួមជិត ១០លានអង្គ/នាក់។ ទន្ទឹមនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទូទាំងប្រទេស បានចាត់ចែង រៀបចំនូវយុទ្ធនាការនេះ នៅតាមសាលា ចំណេះទូទៅផងដែរ ដោយប្តេជ្ញាពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដែលបានចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។
ក្រៅពីនេះ ក្រសួងបានដាក់ចេញនូវយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋ មួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ យ៉ាងតិច ១ថ្ងៃ ក្នុង ១សប្តាហ៍ ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ប្រមាណ ៤លាន អង្គ/នាក់។
ជាមួយនេះដែរ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្លូវជាតិស្អាត គ្មាសំរាមប្លាស្ទិក» ដើម្បីឱ្យបណ្តាក្រុង ស្រុក ខណ្ឌ នៅតាមដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ ហើយតាមរយៈយុទ្ធនាការនេះ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ ក្នុងការប្រែក្លាយសកម្មភាពអនុវត្តជាក់ស្តែង នឹងប្រែក្លាយទៅជាចលនាអនុវត្តជាប្រចាំ ជំរុញឱ្យប្រជាពលរដ្ឋ មានទម្លាប់ល្អ នៅក្នុងការរក្សាភាពស្អាត។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា បានកាត់បន្ថយការនាំចូលប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅធៀបនឹងឆ្នាំ២០២៣ បានចំនួន៨៨,៧៥% និងកាត់បន្ថយការនាំចូលប្លាស្ទិកប្រើប្រាស់ក្នុងចង្វាក់ផលិតកម្មធៀបនឹងឆ្នាំ២០២៣ បានចំនួន ៧៣,៤៥% និងកាត់បន្ថយ សំរាម/ប្លាស្ទិក រាយប៉ាយ តាមដងផ្លូវក្នុងខេត្តចំនួន១១ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ២០២៣។ យុទ្ធនាការនឹងបន្តដើម្បីរៀបចំសម្អាតផ្ទះយើងឱ្យស្អាត ត្រៀមចាំទទួលភ្ញៀវទេសចរអ្នកវិនិយោគជាតិ និងអន្តរជាតិ។
ទន្ទឹមនេះ ក្រសួងបាននឹងបន្តជំរុញការប្រើថាមពលស្អាតប្រកបដោយប្រសិទ្ធភាពថាមពល ការអនុវត្តកសិកម្មឆ្លាត-សុវត្ថិភាពបរិស្ថាន ការដឹកជញ្ជូនបៃតងកិច្ចដំណើរការឧស្សាហកម្មស្អាត ការអនុវត្តសេដ្ឋកិច្ចចក្រា ពង្រឹងយន្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន វិញ្ញាបនកម្មបៃតង និងការប្រតិបត្តិមេត្រីភាពបរិស្ថាន សំដៅជំរុញការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍដោយចីរភាព និងអព្យាក្រឹត្យកាបូន។ ក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេស សំណល់ប្លាស្ទិក ក្រសួងបានពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។