(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅថថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិឆ្នាំ២០២៥ និងត្រូវជាខួបលើកទី៧២ឆ្នាំនៃការបង្កើតអង្គការគយពិភពលោក ក្រោមអធិបតីភាពរបស់បណ្ឌិត គុណ ញឹម  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ តំណាងក្រសួង/ស្ថាប័ន តំណាងក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍នានា។

ការប្រារព្ធពិធីទិវាគយអន្តរជាតិសម្រាប់ឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ «រដ្ឋបាលគយបន្តយកចិត្តទុកដាក់ និងអនុវត្តការប្តេជ្ញារបស់ខ្លួនលើប្រសិទ្ធភាព, សន្តិសុខ, និងវិបុលភាព» (Customs Delivering its Commitment to Efficiency, Security and Prosperity)។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមករា រដ្ឋបាលគយនៃប្រទេសជាសមាជិកអង្គការគយពិភពលោកដែលបច្ចុប្បន្នមានចំនួន ១៨៦ប្រទេស រៀបចំពិធីទិវាគយអន្តរជាតិ ដើម្បីរៀបចំអបអរសាទរ និងរំលឹកដល់ការបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការគយ ដែលបច្ចុប្បន្នមានឈ្មោះថា អង្គការគយពិភពលោក(World Customs Organization -WCO)។

អគរ សម្រេចជ្រើសយកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ប្រារព្ធរៀបចំទិវាគយអន្តរជាតិ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយសារថ្ងៃទី២៦ ត្រូវនឹងថ្ងៃអាទិត្យ។

ប្រធានបទសម្រាប់ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណងអំពាវនាវដល់សមាជិកនៃអង្គការគយពិភពលោកទាំងអស់ ឱ្យបន្តឆ្ពោះទៅរកការយកចិត្តទុកដាក់ខ្ពស់ និងផ្តោតលើតម្រូវការក្នុងការប្រែក្លាយការប្តេជ្ញាចិត្តរបស់សមាជិកនីមួយៗ ទៅជាការអនុវត្តផែនការសកម្មភាពជាក់ស្តែង ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ធានាសន្តិសុខ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងចីរភាព។

បន្ថែមលើនេះ ប្រធានបទឆ្នាំនេះ មិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីចង្អុលផ្លូវសម្រាប់រដ្ឋបាលគយនីមួយៗ ក្នុងការរៀបចំនិងអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ និងទំនើបកម្មគយ អនុលោមតាមស្តង់ដានិងគោលការណ៍ណែនាំរបស់អង្គការគយពិភពលោក។

ជាក់ស្តែង អនុលោមតាម យុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្ម គយឆ្នាំ២០២៤-២០២៨ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំនិងដាក់ឱ្យអនុវត្តនូវផែនការសកម្មភាព
ប្រចាំឆ្នាំ២០២៥ ដោយបានក្រសោបបញ្ចូលនូវខ្លឹមសារនៃយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ដែល ពាក់ព័ន្ធនឹងការងារគយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នាពេលចុងក្រោយនេះ។

លើសពីនេះ សកម្មភាពគន្លឹះៗ មួយចំនួនពាក់ព័ន្ធ នឹងការជំរុញប្រសិទ្ធភាព នៃការប្រមូល ចំណូល ដែលមានចែងក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៥ ព្រមទាំងវិធានការជាក់លាក់នានារបស់រាជរដ្ឋាភិបាលស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ក៏ត្រូវបាន ដាក់បញ្ចូលនៅក្នុងផែនការសកម្មភាពនេះ ផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ អគរ ក៏បានផ្សព្វផ្សាយនូវកម្រងអត្ថបទថ្មីពាក់ព័ន្ធនឹងនីតិវិធីគយនៅកម្ពុជានោះគឺ «សៀវភៅមគ្គុទ្ទេសក៍នីតិវិធីគយកម្ពុជា» ។ សៀវភៅមគ្គុទ្ទេសក៍នេះគឺជាការធ្វើបច្ចុប្បន្នភាពលើ «កម្រងអត្ថបទនីតិវិធីបំពេញបែបបទបញ្ចេញ ទំនិញពីគយ» ដែលបានបោះពុម្ពក្នុងឆ្នាំ២០១៥ ដោយបានកែសម្រួល និងបន្ថែមថ្មីនូវនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយមួយចំនួន ព្រមទាំងត្រូវបានតាក់តែង ឡើងជាភាសាសាមញ្ញសម្រាប់អ្នកអានទូទៅអាចយល់បាន ដោយពុំចាំបាច់មានចំណេះដឹងស៊ីជម្រៅលើជំនាញនិងបច្ចេកទេសគយឡើយ។

អគរ សង្ឃឹមជឿជាក់ថា សៀវភៅមគ្គុទ្ទេសក៍នីតិវិធីគយកម្ពុជាថ្មីនេះ នឹងក្លាយជាឯកសារដ៏មានសារៈប្រយោជន៍សម្រាប់អ្នកអានគ្រប់មជ្ឈដ្ឋាន រួមទាំងអ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញគោលនយោបាយជាពិសេសធុរជនដែលកំពុងឬមានបំណងប្រកបធុរកិច្ចនៅកម្ពុជាអាចស្វែងយល់បន្ថែមនូវឯកសារពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ចេញទំនិញពីគយ។

ដើម្បីចូលរួមអបអរសាទរទិវាគយអន្តរជាតិឆ្នាំ២០២៥ ក៏ដូចជាការលើកទឹកដល់មន្ត្រីគយនិងរដ្ឋាករ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឯកជន បណ្ឌិត គុណ ញឹម ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃរបស់អង្គការគយពិភពលោក (WCO Certificates of Merit) ជូនមន្រ្តីគយនិងរដ្ឋាករចំនួន ១២រូប, តំណាងក្រសួងពាណិជ្ជកម្មចំនួន ១រូប, ក្រសួងយុត្តិធម៌ចំនួន ១រូប, អគ្គស្នងការនគរបាលជាតិចំនួន ១រូប, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន១រូប, និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ១រូប ដែលមានស្នាដៃ និងកិច្ចសហប្រតិបត្តិការល្អ, អ្នកជំនាញការ ដែលមានស្នាដៃចំនួន១រូប និងប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតចំនួន ២ , សរុបទាំងអស់ចំនួន ២០វិញ្ញាបនបត្រ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីគយនិងរដ្ឋាករដែលមានស្នាដៃសរុបចំនួន ២៥រូប បន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ ក៏មានពិធីចែកបណ្ណសរសើរឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.

អ) ដែលមានស្នាដៃឆ្នើម និងគុណបំណាច់ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំការអនុវត្តគម្រោងវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System-GTAS) សរុបចំនួន ៣៩រូប។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ពិធីអបអរសាទរទិវាគយអន្តរជាតិ នឹងធ្វើឱ្យមានចំណាប់អារម្មណ៍ក្នុងការបន្តការគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការបំពេញតួនាទី និងបេសកកម្មរបស់ខ្លួន ក៏ដូចជាការចូលរួមអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ និងយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយឆ្នាំ ២០២៤-២០២៨ ប្រកបដោយជោគជ័យនិងប្រសិទ្ធភាព ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិការពារសុវត្ថិភាពនិងសុខុមាលភាពប្រជាជន ធានាសន្តិសុខជាតិ និងវិបុលភាព បន្ថែមទៀត៕