(ពោធិ៍សាត់)៖ អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តពោធិ៍សាត់ចំនួន១២០នាក់ ដែលបានចូលរួមកម្មវិធីសំណេះសំណាលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងក្តីរីករាយ និងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលផ្តោតលើយន្តការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
សូមជម្រាបជូនថា ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត និងមន្រ្តីកសិកម្មឃុំ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលថ្មីៗដែលសម្រេចបានក្នុងវិស័យកសិកម្ម ជូនដល់បងប្អូនអាជីវករជី និងថ្នាំកសិកម្ម។
លោក គង់ ច័ន្ទវាសនា បានគូសបញ្ជាក់ថា បងប្អូនអាជីវករទាំងអស់ គឺជាដៃគូដ៏សំខាន់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្មរាជធានី-ខេត្ត ក្នុងការរួមចំណែកជួយដល់ប្រជាកសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការផ្តល់បច្ចេកទេស និងការផ្គត់ផ្គង់ធាតុចូលកសិកម្មដល់កសិករ។
បងប្អូនអាជីវករបានលើកឡើងថា ព័ត៌មាន និងចំណេះដឹងថ្មីៗដែលទទួលបាននៅពេលនេះពិតជាមានសារៈសំខាន់ និងជួយឱ្យមានការជឿជាក់កាន់តែរឹងមាំថែមទៀតចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម។
ទន្ទឹមនេះ បងប្អូនអាជីវករទាំងអស់រីករាយនឹងជួយផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងព័ត៌មានវិជ្ជមាននានាក្នុងវិស័យកសិកម្មដល់កសិករ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្ម៕