(ស៊ីដនី)៖ វាជារឿងនឹកស្មានមិនដល់មួយ ដែលទូស័ព្ទដៃ Galaxy S7 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung អាចជួយសង្គ្រោះមនុស្សមួយក្រុម ឲ្យរួចរស់រានមានជីវិត បន្ទាប់ពីទូករបស់ពួកគេ បានលិចនៅឯកណ្តាលឈូងសមុទ្រ នៃប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយគេហទំព័របច្ចេកវិទ្យា Ausdroid នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
លោក Nick វ័យ២៩ឆ្នាំ មកពីទីក្រុង Melbourne រួមជាមួយនិងមិត្តភ័ក្តចំនួនបីនាក់ទៀត បានសម្រេចចិត្តចេញទៅស្ទូចត្រីកំសាន្តលេង នៅឯឈូងសមុទ្រ Western Port ក្នុងរដ្ឋ Victoria ភាគខាងត្បូងប្រទេសអូស្រា្តលី ប៉ុន្តែពួកគេ មិនបានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ អាកាសធាតុមិនអំណោយផល ដែលស្ថិតនៅលើផ្ទៃសមុទ្រនោះឡើយ។
នៅពេលអាកាសធាតុ បានប្រែប្រួលពីស្ងប់ស្ងាត់ល្អទៅជាអាក្រក់ភ្លាមៗ និងកាលៈទេសៈទាន់ហន់ពេក បានបង្ខំឲ្យអ្នកស្ទូចត្រីទាំងបួនរូប លោតចូលទៅក្នុងទឹកដោយមិនបានពាក់អាវពោងសុវត្ថិភាពជាប់នឹងខ្លួននោះឡើយ ខណៈទូកធ្វើដំណើរធុនតូចរបស់ពួកគេ បានលិចទឹកចូលទៅក្រោមផ្ទៃសមុទ្រ ហើយពួកគេក៏មិនបានយកមកតាមនូវវិទ្យុទាក់ទង ឬឧបករណ៍សម្រាប់ប្រកាសអាសន្នដល់ក្រុមសង្រ្គោះបន្ទាន់ផងដែរ។ គ្មានទាំងអាវពោងសុវត្ថិភាព, គ្មានក្រុមវិទ្យុទាក់ទង, និងគ្មាននរណាម្នាក់ដឹងថាពួកគេបាត់ខ្លួនថែមទៀតនោះ យុវជនវ័យ ២៩ឆ្នាំ រូបនេះ បានបញ្ជាក់ប្រាប់ថា ទិដ្ឋភាពនៅពេលនោះពោរពេញទៅដោយ ក្តីក្រៀមក្រំនិងការអស់សង្ឃឹមជាខ្លាំង។
បន្ទាប់ពីពេលវេលាកន្លងទៅមួយបានសន្ទុះ លោក Nick ក៏បាននឹកឃើញថាលោកមានទូរស័ព្ទដៃមិនជ្រាបទឹកមួយគ្រឿង គឺ Samsung Galaxy S7 ដែលលោកបានទិញកាលពីប៉ុន្មានខែមុន។ បន្ទាប់មកលោក បានដកទូរស័ព្ទដៃនោះចេញពីហោប៉ៅ និងឃើញថាវានៅដំណើរការបានជាធម្មតា រួចហើយក៏ទូរស័ព្ទទាក់ទង ទៅកាន់ក្រុមសង្រ្គោះបន្ទាន់ភ្លាមៗ។ ដោយសារតែទូរស័ព្ទ Galaxy S7 របស់លោក លោក Nick អាចនៅរក្សាការទាក់ទងជាមួយអង្គភាព រុករកនិងសង្គ្រាះបន្ទាន់បាន រហូតទាល់តែដល់ពេលក្រុមអ្នកទាំងបួន ត្រូវបានរកឃើញ។
គួរបញ្ជាក់ថា ទោះបីជាស្ថិតនៅក្នុងទឹកសមុទ្រដ៏ប្រៃយ៉ាងណាក៏ដោយ ទូរស័ព្ទដៃ Galaxy S7 របស់ក្រុមហ៊ុន Samsung ដែលទំនងជាត្រូវបានរចនាចេញមកដោយមិនបានគិតឃើញពីស្ថានការណ៍ដូចខាងលើនេះឡើយ អាចដំណើរការបានជាធម្មតា នៅក្នុងរយៈពេលគួរឲ្យស្ញប់ស្ញែងមួយផងដែរ ហើយបើគ្មានទូរស័ព្ទដៃ Galaxy S7 នេះ ឬក៏វាមិននៅបន្តដំណើរការបានមួយរយៈធំដូច្នោះទេនោះ ករណីគ្រោះថ្នាក់ខាងលើ នឹងមិនបានបញ្ជប់ទៅដោយល្អបែបនេះឡើយ៕