(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានថ្លែងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួដ៏សំខាន់ ក្នុងការរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ ខណៈឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងស្ទុះឡើងក្នុងអត្រាប្រមាណ៦.៣%។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា» នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ ​,ប្រកបដោយភាពធន់ និង ចីរភាព ក្នុងរយៈពេលវែង។ បើគិតចាប់ពីឆ្នាំ ២០០៤ មក​ កម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ​ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ​ ជាមួយនឹងការរក្សាបាននូវអត្រាអតិផរណាទាប​ក្នុងរង្វង់ ៣% ប្រចាំឆ្នាំ និង អត្រាប្តូរប្រាក់មានស្ថិរភាព លើកលែងតែក្នុងអំឡុង នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល ប៉ុណ្ណោះ​ដែលកំណើនមានការធ្លាក់ចុះស្ទើរគ្រប់ប្រទេស ទូទាំងសកលលោក​រួមទាំងកម្ពុជាផង។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា «ជាការពិត​បន្ទាប់ពីស្ថាន-ភាពនៃវិបត្តិជំងឺកូវីដ-១៩ បានថមថយ​ ទោះបីជាសេដ្ឋកិច្ចសកល នៅបន្តជួបនឹងបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់យ៉ាងណាក្តី​ ក៏សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស មករកអត្រាកំណើនជាសក្តានុពលឡើងវិញ ។ ជាក់ស្តែង​ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤ កន្លងទៅ ត្រូវបានវាយតម្លៃថា សម្រេចបានកំណើន ក្នុងរង្វង់ប្រមាណ៦%, ហើយសម្រាប់ឆ្នាំ ២០២៥ នេះ​ ត្រូវបានព្យាករថា នឹងបន្តស្ទុះឡើងក្នុងអត្រាប្រមាណ ៦.៣% ។ ច្បាស់ណាស់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួដ៏សំខាន់ ក្នុងការរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពរឹងមាំយ៉ាងដូច្នេះ »

​លោកបន្ថែមថា លទ្ធផលដ៏ល្អនៅក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឲ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងបន្តស្ថិរភាពនៃកំណើនជាបន្តបន្ទាប់ រហូតសម្រេចបាននូវចំណាត់ថ្នាក់ ជា ប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥, ហើយបន្តជម្នះបានដោយជោគជ័យនូវវិបត្តិផងទាំងពួង និង កំពុងបន្តបោះជំហាន ប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ សមិទ្ធកម្មដ៏ប្រសើរនេះ ក៏បានផ្ដល់លទ្ធភាពកាន់តែខ្ពស់ ជូនរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាការលើកកម្ពស់ ជីវភាព និង គុណភាពរបស់មន្ត្រីរាជការ, ការពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ​ និង ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើងជាលំដាប់។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងផងដែរថា​ ​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក៏បានរួមចំណែកការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ​។ ក្នុងបុព្វហេតុឯករាជ្យ និង អធិបតេយ្យជាតិ​ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនា របស់ប្រទេសជាតិ ដោយបានកាត់បន្ថយការពឹងផ្អែកលើជំនួយហិរញ្ញប្បទានពីក្រៅប្រទេស។

ជាក់ស្តែង បច្ចុប្បន្នជំនួយហិរញ្ញប្បទានពីក្រៅប្រទេសប្រចាំឆ្នាំ មានទំហំប្រមាណ២០ ភាគរយនៃថវិកាជាតិសរុប ។ ផ្ទុយទៅវិញ​ កាលពីអតីតកាលប្រមាណ៣០ ឆ្នាំមុន​ចំណូលក្នុងស្រុក ដែលយើងរកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃចំណូលថវិកាជាតិសរុបតែប៉ុណ្ណោះ។ នេះបានន័យថា ប្រមាណពីរភាគបី នៃតម្រូវការចំណាយថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធាន ជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស។

លោកមានប្រសាសន៍ទៀតថា«ការកែទម្រង់ លទ្ធកម្មសាធារណៈ ក៏ជាសមាសភាគដ៏សំខាន់មួយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលយើងត្រូវសម្រួចឲ្យស្របតាមចលនការនៃការកែទម្រង់របស់យើង ។ និយាយជារួម​ ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឆ្នាំ ២០២៣ បានចង្អុលឲ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបំពេញមុខងារជានិយ័តករ និង ត្រួតពិនិត្យការអនុវត្តលទ្ធកម្មសាធារណៈ ព្រមទាំងត្រូវបង្កើនសិទ្ធិសម្រេច ជាបន្តបន្ទាប់រហូតទាំងស្រុង ជូនអង្គភាពអនុវត្តកិច្ចលទ្ធកម្ម នៅតាមក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, និង រដ្ឋបាលថ្នាក់ក្រោមជាតិ​៕