(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានទៅចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៅចូលបុណ្យសព កុមារា ២នាក់ ដែលបានទទួលមរណភាពដោយសារលង់ទឹក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅពេលអញ្ជើញទៅចូលរួមបុណ្យសពនោះ លោកស្រី ម៉ែន នារីសោភ័គ បានសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូនៗជាទីស្រឡាញ់ របស់ខ្លួនទាំងនៅវ័យក្មេង។ ជាមួយគ្នានេះដែរ លោកស្រី ម៉ែន នារីសោភ័គ បានបួងសួង និងឧទ្ទិសកុសលផលបុណ្យដល់សព និងសូមឲ្យវិញ្ញាណក្ខន្ធសពកុមារទាំងពីរ បានទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនឹងក្ដីរំភើបរំជួលចិត្តនេះ ក្រុមគ្រួសារសពបានថ្លែងអំណរគុណ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកាកបាទក្រហមកម្ពជា ដែលជានិច្ចកាលតែងតែចូលរួមបុណ្យសព ចំពោះជនរងគ្រោះទាំងឡាយណា ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជាទឹកជំនន់ រន្ទះបាញ់។ល។ នៅតាមទីជនបទជិតឆ្ងាយទូទាំងប្រទេស ដោយពុំមានការរើសអើងឡើយ។ ចំពោះការចូលបុណ្យសពកុមារាលង់ទឹក នាពេលនេះ គ្រួសារសពនីមួយៗទទួលបាន៖ អង្ករ ៦០គីឡូក្រាម ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស មី ២កេស ត្រីខ ២០កំប៉ុង និងថវិកា ២ លានរៀល។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះទាំង ២នាក់ មាន៖
១/ កុមារា យុន ណារ៉ុង អាយុ១០ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី៤
២/ កុមារា ជា សុផានិត អាយុ១០ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី៤
ករណីខាងលើនេះ កើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ខណៈពេលដែលកុមារទាំង ២នាក់ ជិះកង់មកពីសាលារៀន ពេលមេឃកំពុងភ្លៀងក៏ជ្រុលចង្កូតបណ្ដាលឲ្យទាក់ដៃកង់ធ្លាក់ក្នុងប្រឡាយទឹកកំពុងហូរខ្លាំងធ្វើឲ្យកង់ទើរលើមែកឈើ បណ្ដាលឲ្យកុមារទាំង ២នាក់ លង់ទឹកស្លាប់តែម្ដង នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕