(កំពង់ធំ)៖ ថ្លែងនាឱកាសចូលរួមកម្មវិធី «យុទ្ធនាការគ្មានប្លាស្ទិក» ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកសន្ទុក ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ លោក ឡង គីស៊ឹង អភិបាលស្រុកសន្ទុក បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ដើម្បីផ្ទះយើង ភូមិយើង និងស្រុកយើងមានបរិស្ថានស្អាត។
លោក ឡង គីស៊ឹង បានបន្ថែមថា ប្លាស្ទិក គឺវាមិនងាយរលាយនោះទេហើយការប្រើប្រាស់ប្លាស្ទិក គឺវាមានផលប៉ះពាល់ខ្លាំងណាស់ទៅដល់បរិស្ថាន និងសភាវៈមានជីវិតទាំងអស់ជាពិសេសធ្វើឲ្យផែនដី មានការកើនឡើងនៅកម្ដៅយ៉ាងខ្លាំង។ ប្លាស្ទិក វាត្រូវការចំណាយពេលរាប់សិបឆ្នាំដើម្បីរលាយនៅលើភពផែនដី ហើយការដុតប្លាស្ទិកក៏វាធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពមនុស្ស និងសត្វផងដែរ។
លោកបន្តទៀតថា កន្លងមករដ្ឋបាលស្រុកសន្ទុក បានខិតខំអភិវឌ្ឍន៍ដោយកសាងសួនច្បារ ដាំកូនឈើនៅតាមដងផ្លូវ រៀបចំឲ្យមានជារូបសំណាក់នៅតាមចំណុចផ្លូវបំបែកនៅក្នុងស្រុក ដើម្បីជាការចូលរួមក្នុងការលើកកម្ពស់បរិស្ថានស្អាត និងដើម្បីបង្ហាញទៅដល់ភ្ញៀវទេសចរណ៍ ទាំងភ្ញៀវជាតិ និងអន្តរជាតិដែលបានធ្វើដំណើរឆ្លងកាត់ ហើយកិច្ចខិតខំប្រឹងប្រែងនេះក៏ទទួលបាននូវជ័យលាភ័យល្អនៅក្នុងឆ្នាំ ២០២៤ នេះផងដែរ។
លោកបន្ថែមទៀតថា ដើម្បីឲ្យផ្ទះយើងស្អាត ភូមិនឹងស្រុករបស់យើងស្អាត សូមប្អូនៗសិស្សានុសិស្ស កាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ឱ្យបានទាំងអស់គ្នា មិនថានៅទីណាក៏ដោយប្រសិនបើបានប្រើប្រាស់ប្លាស្ទិករួចហើយ និងសូមកុំបោះចោល ពាសវាលពាសកាល ដោយទុកដាក់ឲ្យមានរបៀប ដើម្បីបង្កើតឲ្យបានទៅជាទម្លាប់ស្អាតឲ្យបានទាំងអស់គ្នា។
គូរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់លោកអភិបាលស្រុកសន្ទុក ក្នុងកម្មវិធី «យុទ្ធនាការគ្មានប្លាស្ទិច» មានការចូលរួមពីសំណាក់លោក លោកស្រី លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស កងកម្លាំងទាំងបី ព្រមទាំងសន្តិសុខភូមិ សរុបប្រមាណជាង ១.៥០០នាក់ បានសម្អាត និងដើររើសសំរាមនៅតាមដងផ្លូវជាតិលេខ ៦ នឹងនៅតាមមូលដ្ឋានក្នុងក្នុងស្រុកសន្ទុក៕