(ព្រះវិហារ)៖ អគារសិក្សា១ខ្នង មាន ៥បន្ទប់ និងអគារអន្តេវាសិកដ្ឋានសិស្សប្រុស១ខ្នង មាន៤បន្ទប់ ព្រមទាំងសមិទ្ធផលនានា ស្ថិតក្នុងបរិវេណសាលាវិទ្យាល័យសង្គមថ្មី ក្នុងឃុំចំរើន ស្រុកសង្គមថ្មី ដែលឧបត្ថម្ភ ដោយអង្គការសម្រេចសុបិន្តកុមារកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំខេត្ត អង្គការដៃគូរអភិវឌ្ឍន៍ សប្បុរសជន អាជ្ញាធរមូលស្រុក ឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងនាមលោកអភិបាលខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុកសង្គមថ្មី ដែលបានខិតខំប្រឹងប្រែងក្នុងការកៀរគររកប្រភពធនធានថវិកានានា ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសគឺវិស័យអប់រំក្នុងការបណ្តុះកសាង និងអភិវឌ្ឍ ធនធានមនុស្ស ស្របតាមចក្ខុយវិស័យយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយនេះលោក គឹមម ចាន់បញ្ញា ក៏បានថ្លែងនូវការអរគុណដល់ស្ថាបនិកគម្រោងអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានបរិច្ចាគថវិកា និងខិតខំកៀរគររកប្រភពថវិកា ពីសប្បុរសជននានា ជួយសាងសង់អគារសិក្សា បង្គន់អនាម័យ ភ្ជាប់ប្រព័ន្ធភ្លើងអគ្គីសនី និងសមិទ្ធផលមួយចំនួនទៀត សម្រាប់សាលាវិទ្យាល័យ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងគូសបញ្ជាក់ដែរថា សមិទ្ធផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតដ៏ឈ្លាសវៃ និងជាអគ្គមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើមពោរពេញ ដោយសមត្ថភាព ចំណេះដឹង និងថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបន្តមរតកនយោបាយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តដឹកនាំប្រទេសជាតិធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ ឈរលើគ្រប់វិស័យ និងសម្បូរសប្បាយរុងរឿង ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបានកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក ព្រមទាំងបានដាក់ចេញនូវ ចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបន្ថែមថា រាជរដ្ឋាភិបាលបានអនុវត្តដោយជោគជ័យនូវគម្រោង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងកៀរគរថវិកា កសាងហេដ្ឋរចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកប ដោយចីរភាព។
លោក គឹម ចាន់បញ្ញា បានថ្លែងផ្ដាំផ្ញើរដល់អាជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និងអង្គការដៃគូរអភិវឌ្ឍន៍ទាំងអស់ សូមបន្តកិច្ចសហការឱ្យបានជិតស្និទ្ធក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមនានា និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា និងខិតខំស្វែងរក ការគាំទ្រ និងកៀរគរធនធានបន្ថែមពីប្រភពស្របច្បាប់នានា ក្នុងការចូលរួមលើកស្ទួយវិស័យអប់រំ ជាពិសេសគឺ ការអប់រំនៅកម្រិតមូលដ្ឋាន។
ត្រូវបន្តសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរឃុំ ក្នុងការត្រួតពិនិត្យនៅតាមសាលារៀន ដើម្បីស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈមនានា និងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសគឺរាយការណ៍មករដ្ឋបាលខេត្ត នៅពេលមានបញ្ហា ឬតម្រូវការណាដែលមិនអាចដោះស្រាយបាន៕