(ឧត្តរមានជ័យ)៖ លោកឧត្រមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងទប់ស្កាត់ឱ្យបានការលួចដុតកាំជ្រួច ផាវ ឬគ្រឿងផ្ទុះផ្សេងៗគ្មានច្បាប់អនុញ្ញាត ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខ ជាមួយនឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អ។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន-វៀតណាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើមមលោកនាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ លទ្ធផលអនុវត្តបានក្នុងខែមករា ជូនអង្គប្រជុំ។
នាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ពីលទ្ធផលអនុវត្តបានក្នុងខែមក និងរបាយការណ៍លោកឧត្ដមសេនីយ៍ត្រី ឈិត ឈន ស្នងការរង ស្តីពីផែនការការពារបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជនជាតិចិន-វៀតណាម និងមតិចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកមេបញ្ជាការវរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ទាក់ទងទៅនឹង លទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាកុំឱ្យកើតមានឡើងរួចមក។
លោកឧត្តមសេនីយ៍ទោ ខូវ លី បានកោតសរសើរកងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណៈ បម្រើសេវាចំបាច់ទូទៅបានយ៉ាងល្អ ម្យ៉ាងវិញទៀត លោកស្នងការ បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការ លោកមេបញ្ជាការវរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដើម្បីសុំយោបល់ និងគោលការណ៍ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ៕