(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវឱ្យយុវជនកម្ពុជាទាំងអស់ ត្រូវងាកមកចាប់អារម្មណ៍ លើការសិក្សាជំនាញវិជ្ជាជីវៈ ពិតប្រាកដមួយ ដើម្បីបំពេញតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងទៅអនាគត។
ការជំរុញបែបនេះ ត្រូវបានលើកឡើងក្នុងជំនួប ពិភាក្សាជាមួយក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក្នុងទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្រ្តី បានស្នើដល់ ស.ស.យ.ក ត្រូវជួយជំរុញឱ្យក្រុមយុវជនកម្ពុជា ងាកមកចាប់អារម្មណ៍ លើការសិក្សាជំនាញវិជ្ជាជីវៈវិញ ដើម្បីឆ្លើយតប និងបំពេញតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះទីផ្សារការងារកំពុងត្រូវការបុគ្គលិកជំនាញជាច្រើន និងគ្រប់ទីកន្លែង។
ក្នុងជំនួបនោះ លោក ហ៊ុន ម៉ានី បានស្នើសុំអនុសាសន៍ណែនាំមួយចំនួន ពីលោករដ្ឋមន្រ្តី អ៉ិត សំហេង ដើម្បីជាបទពិសោធន៍ សម្រាប់អនុវត្តការងារ ឱ្យល្អប្រសើរបន្តទៅមុខទៀត។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានផ្ដល់នូវអនុសាសន៍ដល់ថ្នាក់ដឹកនាំ ស.ស.យ.ក គួរតែធ្វើការពិភាក្សា និងចុះកិច្ចព្រមព្រៀងជាមួយសហជីព ដើម្បីរួមគ្នាដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ជូនដល់កម្មករ-កម្មការិនី នៅតាមរោងចក្រ សហគ្រាសនានា។ ស.ស.យ.ក ត្រូវជួយជំរុញឱ្យយុវជន ដែលមិនទាន់មានការងារធ្វើ ឬចង់បន្តការសិក្សា ត្រូវទំនាក់ទំនងទៅកាន់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ ដើម្បីឱ្យពួកគាត់ទទួល បានការងារធ្វើសមរម្យ និងការបណ្ដុះបណ្ដាល លើជំនាញណាមួយដ៏ត្រឹមត្រូវ។
សូមជម្រាបថា លោក ហ៊ុន ម៉ានី ក៏បានស្នើឱ្យក្រសួងការងារ បន្តការគាំទ្រដល់សហភាពសហព័ន្ធយុវជនកម្ពុជា ទាំងខាងស្មារតី និងខាងសម្ភារៈ ដើម្បីឱ្យការអនុវត្តការងារនានា ប្រព្រឹត្តទៅដោយមានភាពប្រសើរ៕