(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ០៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម «គ» «ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា» វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សហប្រធានក្រុមការងារ «គ» ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ អនុសហប្រធានក្រុមការងារ «គ» ផ្នែកឯកជន, តំណាងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថាន, តំណាងសមាគមស្បែកជើងកម្ពុជា,  តំណាងសហគ្រាសធុនតូច និងមធ្យមឯកជន និងសមាជិក សមាជិកានៃក្រុមការងារ «គ» ផ្នែកឯកជនជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍នាពេលខាងមុខនេះ និងបានពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន៖ ការចុះបញ្ជីផលិតផលជាលក្ខណៈអន្តរក្រសួងរបស់សហគ្រាសធុនតូច និងមធ្យម ការទទួលបានកម្ចីពីធនាគា SME និងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕