(កំពង់ធំ)៖ លោក មុយ មុនិន្ទ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី ស្រុកស្ទោង បានណែនាំអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ ដល់ជីវភាពគ្រួសារក្រីក្រជនពិការ និងចាស់ជរា។

លោក មុយ មុនិន្ទ បានថ្លែងក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះឃុំព្រះដំរី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅវត្តប្រាសាទពេជ្ររង្សី។ ក្រៅពីការដោះស្រាយរាល់សំណូមពរ និងតម្រូវការប្រជាពលរដ្ឋ នៅក្នុងឱកាសនេះ លោកបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍន៍មូលដ្ឋានគឺផ្ដើមចេញពីការរួបរួមសហការគ្នាទាំងអាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធ ក៏ដូចជាក្រុមការងារទើប អាចឆ្លើយតប ជាក់ស្ដែងចំពោះមូលដ្ឋាន ហើយជាការអភិវឌ្ឍន៍ពិតប្រាកដ។

ក្នុងនោះលោកនឹងជួយកសាងនូវប្រឡាយទឹកមួយខ្សែដែលនឹងជួយដល់ប្រព័ន្ធស្រោចស្រពស្រែស្រូវកសិករនៅក្នុងឃុំព្រះដំរីនិងឃុំផ្សេងៗ ឲ្យកាន់តែមានវិសាលភាពនិងភាពធានាលារស្រោចស្រពឱ្យកាន់តែល្អប្រសើរជាងមុន។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានព្រមានធ្ងន់ៗដល់សេវាករអគ្គិសនីព្រះដំរី ឲ្យកែប្រែឥរិយាបទអវិជ្ជមានមួយចំនួនក្នុងការ ផ្ដល់សេវានិងប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ក៏ដូចជា ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក្នុងការហៅឲ្យជួយដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសបញ្ហាអគ្គិសនីដែលពួកគាត់បានជួបប្រទះឲ្យបានឆាប់រហ័សនិងមានជំនឿទុកចិត្ត។

លោកបានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរឃុំ ត្រូវផ្ដល់សេវាទូទៅ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការផ្ដល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាប់ភាព និងមានការជ្រោមជ្រែងតាមដានដោយផ្ទាល់ពីក្រុមប្រឹក្សាឃុំ។

លោកបានណែនាំយ៉ាងម៉ឺងម៉ាត់បំផុតដល់អាជ្ញាធរឃុំត្រូវពិនិត្យមើលលទ្ធភាពជាក់ស្ដែង ក្នុងការជួយបូបសង្គ្រោះស្រែស្រូវកសិករដែលកំពុងរងគ្រោះដោយការខ្វះខាតទឹក ឱ្យបានទាន់ពេលវេលា។ លោក សាយ គឹមឡម ណែនាំអាជ្ញាធរឃុំព្រះដំរីត្រូវសិក្សាឲ្យបានច្បាស់លាស់ ថែមទៀតក្នុងការកសាងប្រឡាយទឹកមេដែលចេញពីអាង ៣០កញ្ញាផ្ទាល់ ក្នុងការស្រោចស្រពឃុំព្រះដំរីនិងឃុំផ្សេងៗទៀត៕