(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេតឧត្តរមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស.ស.យ.ក នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ និងក្រុមគ្រួសារសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តចំនួន១៧០នាក់ ចូលរួមបិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវវះកាត់ និងអ្នកជំងឺដែលត្រូវការឈាមជាចំបាច់ផ្សេងទៀត។

នៅក្នុងឱកាសនោះលោកអភិបាលខេត្តឧត្តរមានជ័យ បានអរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមគ្រួសារ ស.ស.យ.ក ខេត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនដល់មន្ទីរពេទ្យ។ លោកថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាសកម្មភាពមនុស្សធម៌ និងជាសិល្បៈការចែករំលែកនូវក្តីស្រលាញ់ដ៏ធំធេងសម្រាប់ជនរងគ្រោះដែលមានតម្រូវការឈាមពិតប្រាកដ។

លោក មាន ចាន់យ៉ាដា បានថ្លែងលើកឡើងទៀតថា សកម្មភាពបរិច្ចាគឈាម នឹងបង្កើតបាននូវទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញការលើកកម្ពស់ប្រជាជនទូទៅឱ្យចូលរួមធ្វើសកម្មភាព ជាមួយសេវាកម្ម ជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវការផ្តល់ជូនឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ។

ក្រៅពីសកម្មភាពនៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា ក៏បានអញ្ជើញសួរសុខទុក្ខ សំណេះសំណាល ជាមួយអ្នកជំងឺដែលកំពុងសម្រាលនៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងបាននាំអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនអ្នកជំងឺដែលមានជីវភាពខ្វះខាតផងដែរ។

សូមបញ្ជាក់ថា ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះ មានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារចំនួន១១នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា សមាជិកក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ និងជាអនុប្រធានមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្តឧត្តរមានជ័យ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ។ អ្នកចូលរួមបរិច្ចាគឈាមចំនួន១៧០នាក់ អ្នកស្ម័គ្របរិច្ចាគឈាមចំនួន១០៥នាក់ អ្នកមានលក្ខខណ្ឌមិនគ្រប់គ្រាន់ចំនួន៦១នាក់ ចំណែកឈាមដែលបូមបានមានចំនួន៤៤សាក់៕