(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្តដោយមានការណែនាំសម្របសម្រួល តម្រង់ទិសពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងការចូលរួមសហការពីបណ្តាមន្ទីរ អង្គភាព និងស្ថាប័នជុំវិញខេត្ត បានធ្វើឱ្យខេត្តកំពតមួយនេះ សម្រេចបាននូវសមិទ្ធផលល្អគួរឱ្យកក់សម្គាល់នៅឆ្នាំ២០២៤ ហើយបន្តប្ដេជ្ញាខិតខំការអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងឆ្នាំ២០២៥។

ការលើកឡើងដូចនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពតដោយមានការចូលរួមពីលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។

លោកអភិបាលខេត្តកំពត បានបន្តថា ទោះយ៉ាងណាក៏ដោយ ខេត្តក៏នៅតែមានចំណុច ត្រូវកែលម្អឱ្យស្របទៅតាមសម័យកាល និងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។

លោកអភិបាលខេត្ត បានបន្តថា សន្និបាទត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យឡើងវិញនូវបណ្តាសមិទ្ធផលដែលសម្រេចបាន និងស្វែងរកបញ្ហាប្រឈមនានា ដែលបានអនុវត្ត រយៈពេល១២ខែកន្លងមក ក្នុងក្របខ័ណ្ឌសមត្ថកិច្ចការងារ ជាប្រតិបត្តិកររដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់ជំនាញ វិស័យពាក់ព័ន្ធនៅក្នុងខេត្ត ហើយក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល ព្រមទាំងកំណត់ទិសដៅការងារបន្ត ស្របទៅនឹងកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា សំដៅកែលម្អនូវចំណុចខ្វះខាត និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ច កាតព្វកិច្ច តាមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរថែមទៀត៕