(ម៉ានីល)៖ ថ្លែងនៅក្នុងបទសម្ភាសន៍ដ៏កម្របំផុតមួយជាមួយទូរទស្សន៍ Al Jazeera ដ៏ល្បីរបស់អារ៉ាប់ លោក រ៉ូឌ្រីហ្គោ ឌូធើតេ ប្រធានាធិបតីហ្វីលីពីន បានបកស្រាយបញ្ហាជាច្រើនពាក់ព័ន្ធនឹងជំហររបស់លោក ដែលកំពុងតែងាកសំដៅទៅរកប្រទេសចិន និងទាត់ចោលទំនាក់ទំនងរាប់រយឆ្នាំជាមួយអាមេរិក ដោយក្នុងនោះលោកបានផ្តោតសំខាន់បំផុត ទៅលើសង្គ្រាមដែលហ្វីលីពីន នឹងក្លាយជាជនរងគ្រោះតែម្នាក់ឯងប៉ុណ្ណោះ។ នេះបើតាមខ្សែវីដេអូរបស់ទូរទស្សន៍ Al Jazeera ដែលបានធ្វើកិច្ចសម្ភាសន៍មួយជាមួយប្រធានាធិបតីហ្វីលីពីន ដកស្រង់នឹងចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។

លោកប្រធានាធិបតីរូបនោះ បានឆ្លើយតបចំពោះសំនួររបស់ពិធីករទាំងពីររូបថា៖ «យើងមានការថ្លឹងថ្លែងបែបនេះ គឺមានរឿងតែពីរប៉ុណ្ណោះ ដោយទីមួយគឺការប្រយុទ្ធគ្នា និងទីពីរគឺការពិភាក្សាគ្នា។ ប្រសិនបើខ្ញុំជ្រើសរើសយកសង្គ្រាម តើខ្ញុំនឹងត្រូវប្រយុទ្ធតែម្នាក់ឯង ឬក៏ត្រូវអំពាវនាវឲ្យប្រទេសផ្សេងៗជួយ? តើនរណា? តើប្រទេសណា នឹងជួយខ្ញុំហើយមកស្លាប់ដើម្បីប្រទេសខ្ញុំ បើមិនមែនខ្ញុំខ្លួនឯង? ដូច្នេះយើងអាចត្រឹមតែពិភាក្សាគ្នាប៉ុណ្ណោះ ហើយគេបានអញ្ជើញខ្ញុំទៅពិភាក្សា នោះខ្ញុំត្រូវតែទៅ។»

គួរបញ្ជាក់ថា វីដេអូសម្ភាសន៍ខាងលើនេះ ត្រូវបានផ្សព្វផ្សាយមុនមួយថ្ងៃជំនួបពិភាក្សាទ្វេភាគីដំបូង រវាងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងលោក រ៉ូឌ្រីហ្គោ ឌូធើតេ មេដឹកនាំហ្វីលីពីន ដែលកំពុងតែល្បីល្បាញតាមបណ្តាញ​សារព័ត៌មាន​នានាទូទាំងពិភព​លោក។

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសម្តែងការពេញចិត្តខ្លាំងចំពោះដំណើរទស្សនកិច្ច របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ មកកាន់ទីក្រុងប៉េកាំងពេលនេះ ហើយកិច្ចចាប់ផ្តើមដំបូងនៃជំនួបពិភាក្សាជាផ្លូវការលើកទីមួយនេះ មេដឹកនាំទាំងពីរបានសន្យាថា នឹងស្តារទំនាក់ទំនងការទូតឲ្យប្រសើរឡើងវិញ ព្រមទាំងធ្វើការពង្រឹងទំនាក់ទំនងនៃវិស័យការពារជាតិ។

អនុរដ្ឋមន្ត្រីការបរទេសចិន លោក Liu Zhenmin ដែលជាអ្នកឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាននានា ជុំវិញដំណើរទស្សនកិច្ចដ៏សំខាន់នេះបានបញ្ជាក់ថា លោក ស៊ី បានចាត់ទុកទស្សនកិច្ចរបស់លោក ឌូធើតេ ជាជោគជ័យសម្រាប់ប្រទេសទាំងពីរ ក្នុងការស្តារទំនាក់ទំនងរវាងគ្នានិងគ្នាឡើងវិញ។ លោក ស៊ី ជិនពីង បានសន្យាថែម ទៀតថា ចិននឹងអនុញ្ញាតឲ្យមានការនាំចូលផលិតផលកសិកម្មពីប្រទេសហ្វីលីពីនឡើងវិញ ព្រមជាមួយនឹងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ទៅលើគំរោងការណ៍កសាងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសហ្វីលីពីនផងដែរ។

បើតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ (Rodrigo Duterte) បាននិយាយ ពាក្យលាគ្នាហើយជាមួយសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចនៅទីក្រុងប៉េកំាង ប្រទេសចិន ដែលនេះ គឺជារបត់ថ្មីមួយនៃសម្ព័ន្ធភាពរវាងទីក្រុងម៉ានីល និងវ៉ាស៊ីនតោន ខណៈរដ្ឋាភិបាលរបស់លោក ឌូធើតេ កំពុងបង្ហាញពីទំនោរងាកខ្លាំងទៅរកមហាអំណាចចិន និងរុស្ស៊ី។

ថ្លែងទៅកាន់សហគមន៍ហ្វីលីពីនពីទីក្រុងប៉េកំាង លោក ឌូធើតេ បានអះអាងថា ហ្វីលីពីន បានទទួលផលចំណេញតិចតួចប៉ុណ្ណោះពីទំនាក់ទំនងដ៏យូអង្វែងជាមួយ សហរដ្ឋអាមេរិក ដោយលោកបញ្ជាក់ថា «អ្នក (សហរដ្ឋអាមេរិក) បានស្ថិតនៅក្នុងប្រទេសរបស់យើងដើម្បីតែ ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះវាដល់ពេល និយាយលាគ្នាហើយមិត្តសំឡាញ់!។ «ខ្ញុំនឹងមិនទៅសហរដ្ឋអាមេរិកទៀតនោះទេ ព្រោះថាខ្ញុំអាចនឹងត្រូវគេជេរនៅទីនោះ»។ នេះជាការលើកឡើងរបស់លោក ឌូធើតេ មុននឹងលោកនៅតែប្រើពាក្យថា « son of whore» សារជាថ្មីជូនចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា៕