(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសចម្រើនជន្មាយុ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃខួបកំណើតរបស់លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការអបអរសាទរជាមួយនឹងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយសេចក្តីស្រឡាញ់រាប់អាន ព្រមទាំងសូមជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាង ជូនលោកជំទាវបណ្ឌិត។

ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយ ភាពប៉ិនប្រសប់របស់ លោកជំទាវបណ្ឌិត ក្នុងការដឹកនាំ សមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបាននូវជោគជ័យដ៏ឧត្តុង្គឧត្តមលើឆាកជាតិ និងអន្តរជាតិ និងបានដឹកនាំសមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ ក្នុងទឹកចិត្ត សប្បុរសថ្លៃថ្លាលើកិច្ចការកិច្ចការមនុស្សធម៌ និងសង្គម ដើម្បីសុខុមាលភាពប្រជាជននៅទូទាំងប្រទេស និងបានរួម ចំណែកដ៏ឧត្តុង្គឧត្តម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ ការបំពេញតួនាទីរបស់ លោកជំទាវបណ្ឌិត ជា ««ស្ត្រីទីមួយ» នៃព្រះរាជាណាចក្រកម្ពុជា បានយ៉ាងល្អប្រពៃ បានផ្តល់នូវសក្ខីភាពជាក់ស្តែងដល់ពាក្យចាស់បុរាណខ្មែរ «សំណាបយោងដី ស្រីយោងប្រុស»។ ក្នុងនាមជាមាតា លោកជំទាវបណ្ឌិត ក៏បានយោងជាតិមាតុភូមិ និងក្រុមគ្រួសារផងដែរ។

ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោកសូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំ នូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ សូមមានជន្មាយុ យឺនយូរ ជួបប្រទះតែសេចក្តីសុខ ចម្រើន សុភមង្គល សុខុមាលភាពល្អបរិបូរណ៍ និងសមប្រកបដោយព្រះពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ ជានិច្ចនិរន្តរ៍»៕