(ភ្នំពេញ)៖ បន្ទាប់ពីជួបសវនាការជាមួយលោក Du Jiang អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិចិន និងជួបសវនាការជាមួយលោក Zhao Leqin លេខាបក្សទីក្រុង Guilin ដោយមានការចូលរួមពីលោក Taleb Rifai អគ្គលេខាធិការនៃ UNWTO, នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឡើងថ្លែងសុន្ទរកថា ក្នុងនាមអាស៊ានបើកពិធីពិព័រណ៍ទេសចរណ៍ចិន-អាស៊ានឆ្នាំ២០១៦ នៅទីក្រុង Guilin នៃតំបន់ពិសេសក្វាងស៊ី។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងសុន្ទរកថាដោយមានខ្លឹមសារថា៖
១៖ ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាននេះ គឺជាឱកាសថ្មីមួយទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងអាស៊ាន ជាមួយចិន។
២៖ ពង្រីកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ចិន អាស៊ាន ឲ្យកាន់តែល្អប្រសើរជារៀងរាល់ឆ្នាំ ដោយអញ្ជើញវិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ចិន អាស៊ាន ឲ្យមកចូលរួមឲ្យកាន់តែច្រើន។
៣៖ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន លើការវិនិយោគ និងការអភិវឌ្ឍវិស័យទេសចរណ៍។ អាស៊ាន គាំទ្រ និងស្វាគមន៍យុទ្ធសាស្ត្រឈ្នះ-ឈ្នះ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ វិថីមួយ របស់ប្រទេសចិន។
៤៖ ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលទេសចរណ៍ជាតិចិន បានឯកភាពគ្នាក្នុងការបង្កើតសហក្រុមការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងឈានទៅចុះអនុស្សរណៈយោគយល់នៅខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ នាឱកាសពិព័រណ៍ CITM នៅទីក្រុងសៀងហៃ។
៥៖ ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលទេសចរណ៍ជាតិចិន បានឯកភាពគ្នាក្នុងការជម្រុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។
៦៖ ជម្រុញកិច្ចសហការលើការផ្សព្វផ្សាយឲ្យបានខ្លាំង និងបង្កើនជើងហោះហើរពីចិនមកកម្ពុជាឲ្យកាន់តែច្រើន។
សូមជំរាបថា បន្ទាប់ពីការថ្លែងបើកកម្មវិធីរបស់រដ្ឋមន្រ្តី ថោង ខុន ភ្ញៀវទាំងអស់បានអញ្ជើញទស្សនាស្តង់ពិព័រណ៍កម្ពុជា អាស៊ាន និងចិន៕