(ភ្នំពេញ)៖ យោងតាមរបាយការណ៍ បង្ហាញក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ក្រសួងបាននិងកំពុងធ្វើការគ្រប់គ្រង រួមទាំងស្ថាបនាផ្លូវជាតិ និងផ្លូវខេត្ត សរុប ចំនួន ៨៥៤ខ្សែ។
សន្និបាតដែលធ្វើឡើងក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងបន្តថា ក្នុងឆ្នាំ២០២៤ ក្រសួងបាននិងកំពុងធ្វើការគ្រប់គ្រង រួមទាំងស្ថាបនាផ្លូវជាតិ និងផ្លូវខេត្ត សរុប ចំនួន ៨៥៤ខ្សែ មានប្រវែងសរុប ២០ ៣០៧,៦០គីឡូម៉ែត្រ កើនឡើង ២៩១,៦០គីឡូម៉ែត្រ ធៀបនឹង ឆ្នាំ២០២៣ ដែលមានប្រវែង ២០ ០១៦គីឡូម៉ែត្រ ក្នុងនោះក្រាលកៅស៊ូ និងបេតុងសរុបបានចំនួន ១១ ៦៤៩គីឡូម៉ែត្រ ស្មើនឹង ៥៧,៣៦% នៃប្រវែងផ្លូវសរុប។
ជាមួយគ្នានេះ ផ្លូវល្បឿនលឿន មានចំនួន ២ខ្សែ មានប្រវែងសរុប ៣២២,១៥គីឡូម៉ែត្រ ក្នុងនោះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ចប់ការសាងសង់មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ និង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការសាងសង់មានប្រវែង ១៣៥,១០គីឡូម៉ែត្រ។ គម្រោងទាំងពីរនេះ គឺស្ថិតក្រោមក្របខ័ណ្ឌកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។
បើតាមរបាយការណ៍ដដែល ក្រសួងក៏បានបញ្ចប់ការសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានចំនួន ៦គម្រោង និងមានប្រវែងសរុប ៣៦០,២៥គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ ក្នុងនោះរួមមាន៖
* ១) កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៣១,២៥គីឡូម៉ែត្រ
* ២) ផ្លូវជាតិលេខ៣១ ប្រវែង ៥៣,៥៣គីឡូម៉ែត្រ
* ៣) ផ្លូវជាតិលេខ៣៣ ប្រវែង ៥២,៥៧គីឡូម៉ែត្រ
* ៤) ផ្លូវជាតិលេខ៤១ ប្រវែង ៩៥,២៧គីឡូម៉ែត្រ
* ៥) ផ្លូវជាតិលេខ៧១០ ប្រវែង ១១៤,៩៩២គីឡូម៉ែត្រ
* និង ៦) វិថីតេជោសន្តិភាពឆ្នេរអង្គោល ប្រវែង ១២,៦៤៥គីឡូម៉ែត្រ។
ទន្ទឹមគ្នានេះ ក្រសួងក៏បាននិងកំពុងអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ មានចំនួន ១៣គម្រោង មានប្រវែងសរុប ៩៤២,៥៨គីឡូម៉ែត្រ និងបានកំពុងធ្វើការសិក្សាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានចំនួន ៤១គម្រោង មានប្រវែងសរុប ៣ ២៨៥,៤៤គីឡូម៉ែត្រ៕