(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅឆ្នាំ២០២៤ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិស រួមមានខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ - ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) សម្រេចបានចំនួន ១.១៦លានតោន កើនឡើង ៨.២៩% ធៀបនឹងឆ្នាំ២០២៣។
នេះបើតាមរបាយការណ៍ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។
របាយការណ៍ បានបញ្ជាក់ដូចនេះថា ក្នុងឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិស រួមមានខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) សម្រេចបានចំនួន ១.១៦លានតោន កើនឡើង ៨.២៩% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១.០៧លានតោន និងមានអ្នកដំណើរសរុបចំនួន ១០.៤១ម៉ឺននាក់ ថយចុះ ១៦.៩៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១២.៥៤ម៉ឺននាក់។
ជាមួយគ្នានេះក្រសួង បាននិងកំពុងពិភាក្សាលើការរៀបចំផែនការប្រតិបត្តិការ និងថែទាំ (O&M) លើខ្សែផ្លូវដែកទាំងពីរទិសដែលមានស្រាប់ ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីកែលម្អប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវដែក ខណៈដែលកំពុងចរចារៀបចំកិច្ចព្រមព្រៀងសម្បទានថ្មី។
ទន្ទឹមនេះ ក្រុមហ៊ុនបានទិញរថភ្លើងសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ចំនួន១១គ្រឿង ប្រភេទ DMU ពីប្រទេសជប៉ុន និងបានទិញទូរថភ្លើងថ្មីសម្រាប់ដឹកជញ្ជូនទំនិញចំនួន ២២១គ្រឿង ដែល ក្នុងដំណាក់កាលទី១ បានទទួលរួចរាល់ចំនួន ៦០គ្រឿងផងដែរ៕