(ភ្នំពេញ)៖ គេនៅចាំបានថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ត្រូវបានចុះហត្ថលេខារវាងភាគីជម្លោះទាំង៤ រួមមាន ភាគីព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ, សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោកតា សឺនសាន និងភាគីខ្មែរក្រហម ព្រមទាំងចូលរួមដោយប្រទេសហត្ថលេខី ចំនួន១៩ប្រទេសផងដែរ។ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃទី២០ ខែតុលានេះ បានបញ្ជាក់ឲ្យដឹងច្បាស់ថា ក្រោយបោះឆ្នោតឆ្នាំ១៩៩៣ ប្រទេសហត្ថលេខីទាំង១៩ ដែលចូលរួមក្នុងកិច្ចព្រមព្រៀង២៣តុលានោះ គឺបានបញ្ចប់បេសកកម្មរបស់ខ្លួនទាំងស្រុងហើយ និងគ្មានភារកិច្ចនៅសេសសល់អ្វីទៀតទេ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ កម្ពុជាបានក្លាយជារដ្ឋអធិបតេយ្យ និងស្មើមុខស្មើមាត់ ដូចការគូសបញ្ជាក់របស់លោក Jean David Levitte អតីតរដ្ឋមន្រ្តីការទូតជាន់ខ្ពស់ នៃក្រសួងការបរទេសបារាំង ដែលបានចូលរួមតាំងពីដំបូងក្នុងដំណើរការចរចាស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ ដូច្នេះគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន មិនអាចបន្តការលើកឡើងដដែលៗពីតួនាទីរបស់ប្រទេសទាំងនោះដើម្បីបំភ្លៃការពិតតទៅទៀតទេ។
លោក Jean David Levitte អតីតរដ្ឋមន្រ្តីការទូតជាន់ខ្ពស់ នៃក្រសួងការបរទេសបារាំងរូបនោះ ក៏បានលើកឡើងអំពីការអស់ភារកិច្ចរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀង២៣តុលានេះផងដែរ ខណៈរូបលោកបំពេញទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ។
សូមជំរាបថា នៅពេលដែលគេនឹកឃើញដល់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គេមិនដែលភ្លេចវីរបុរស២រូប គឺព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន នោះទេ។ វីរបុរស២រូបនេះ គឺជាអ្នកនាំមកនូវកិច្ចព្រមព្រៀងក្រុងប៉ារីស និងសមិទ្ធផលនានាដល់សព្វថ្ងៃ។ នេះគឺជាការលើកឡើង នៅក្នុងសេចក្ដីថ្លែងការ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា «សមិទ្ធផលដែលមាននៅថ្ងៃនេះ គឺយើងមិនអាចបំភ្លេចនូវគុណូបការៈ និងជំនួបជាប្រវត្តិសាស្ដ្រលើកទី១ រវាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS និងលើកទី២ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE នាប្រទេសបារាំង»។
វីរបុរសទាំង២រូប បានរកឃើញការឯកភាពជាតិមួយ មុននឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខារវាងភាគីជម្លោះទាំងបួន និងចូលរួមដោយប្រទេសហត្ថលេខីចំនួន១៩។ ជាងនេះទៅទៀត គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកតែមួយគត់ ដែលបាននឹងកំពុងធានាបន្ដ មរតកទាំងនេះ ដើម្បីកូនចៅជំនាន់ក្រោយ ជាពិសេសការធានាសន្ដិភាព ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។
កាលពីម្សិលមិញ ក្នុងពិធីសំណេះសំណាលជាមួយ មន្រ្តីរាជការនៅសាលាខេត្តប៉ៃលិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានរំលឹកឡើងវិញ អំពីបុព្វហេតុដែលនាំឱ្យ មានកិច្ចព្រមព្រៀងក្រុងប៉ារីស និងសន្តិភាពនៅកម្ពុជាសព្វថ្ងៃ។ សម្តេចបានបញ្ជាក់ថា បើសិនជាគ្មានការចរចារវាង «សីហនុ-ហ៊ុនសែន» ជាមុនទេនោះ គឺគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសនេះទេ ហើយបើគ្មាននយោបាយឈ្នះៗរបស់សម្តេចនោះ ក៏គ្មានសន្តិភាពនៅកម្ពុជាដូចពេលនេះដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើកុំឱ្យអ្នកនយោបាយទាំងឡាយបកស្រាយខុសអត្ថន័យ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយស្នើឱ្យអ្នកនយោបាយ កុំយករឿងកិច្ចព្រមព្រៀងនេះ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួនឱ្យសោះ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្រ្គាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយ៤ភាគី រួមមាន ភាគីព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ , សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោកតា សឺន សាន និងភាគីខ្មែរក្រហមជាដើម៕