(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កម្ពុជានឹងប្រែក្លាយខ្លួនពីប្រទេសទទួលជំនួយ ទៅជាប្រទេសដៃគូធុរកិច្ចរបស់សហគមន៍អន្តរជាតិ នាពេលអនាគត។ នេះបើតាមការឲ្យដឹងពី លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
លោក ជុំ សន្ទរី បានអះអាងថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអះអាងបែបនេះ ក្នុងជំនួបជាមួយ លោកស្រី Setsuko Yamazaki នាយកប្រចាំប្រទេសនៃអង្គការUNDP នៅស្តីការក្រសួង នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ។
លោក ប្រាក់ សុខុន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យកម្ពុជា ដើរឱ្យដល់គោលដៅដែល ប្រែក្លាយក្លាយខ្លួនពីប្រទេសទទួលជំនួយ ទៅជាប្រទេសដៃ គូធុរកិច្ច របស់ សហគមន៍អន្តរជាតិ។ បើសិនជាកម្ពុជា អាចធ្វើបានបែបនេះ មែននោះ កម្ពុជានឹងអាចទៅជាប្រទេស ដែលរីកចំរើនជាក់ជាមិនខាន។ លោក ជុំ សុន្ទរី បន្ថែម។
លោក ជុំ សន្ទរី បានបន្ថែមទៀតថា ក្រៅពីការលើកឡើងខាងលើនេះ លោកទេសរដ្ឋមន្រ្តី បានសម្តែងការពេញចិត្តចំពោះការកសាងនូវទំនាក់ទំនង យ៉ាងជិតស្និទ រឹងមាំរវាងកម្ពុជា ជាមួយនឹង អង្គការUNDP។ លោកថា កន្លងមក អង្គការUNDP បានជួយកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា លើគ្រប់វិស័យ រួមមានការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យសម្រេចបានសេដ្ឋកិច្ចបានប្រមាណ៧% ក្នុង១ឆ្នាំជាដើម។ លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភគ្រប់បែបយ៉ាងរបស់អង្គការUNDP និងការជួយដល់កម្ពុជាលើគ្រប់វិស័យ កាលពីពេលកន្លងមកនេះ។
ជាការឆ្លើយតប លោកស្រី Setsuko Yamazaki នាយកប្រចាំប្រទេសនៃអង្គការUNDP បានសម្តែងការចាប់អារម្មណ៍លើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការប្របែប្រួលយ៉ាងឆាប់ ក្នុងរយៈពេល៣ទៅ៤ ទស្សវត្ស៍ ឈានដល់ការអភិវឌ្ឍន៍ពេញលេញ និងមានសន្តិភាព។
យ៉ាងណាក៏ដោយ ទាំងកម្ពុជា និង អង្គការUNDP បានបញ្ជាក់ថា នឹងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគ្នា នឹងគ្នាជាបន្តទៀតនាពេលខាងមុខ ហើយ ទំនាក់ទំនងនេះ នឹងមិនបញ្ចប់ឡើយ គឺរឹតតែខ្លាំងក្លាជាងមុខបន្ថែមទៀត៕