(ភ្នំពេញ)៖ ទន្ទឹមគ្នានឹងមន្រ្តីរាជរដ្ឋាភិបាល បានខិតខំរម្លឹកអំពីបុព្វហេតុដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឯណោះវិញក៏បានចាត់ទុកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស នឹងមានតម្លៃជានិច្ចសម្រាប់ប្រទេសកម្ពុជា។
នៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ លោក កឹម សុខា បានលើកឡើងថា «កិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយ រួមមួយនៃជំលោះកម្ពុជា ដែលយើងហៅថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១”។ កិច្ចព្រមព្រៀងនេះ ធានាអំពីអធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា” និង ការធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។
លោក កឹម សុខា បានចាត់ទុកថា កិច្ចព្រមព្រៀងនេះជាមរតកដ៏មហាសាល ដែលអ្នកស្នេហាជាតិកម្ពុជាគ្រប់ភាគី បានពលីបូជាជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បីឯករាជ្យភាព និងឯកភាពជាតិកម្ពុជា ដែលមានការចូលរួមគាំទ្រពីអន្តរជាតិ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្រ្គាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយ៤ភាគី រួមមានភាគីព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ , សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោកតា សឺនសាន និងភាគីខ្មែរក្រហមជាដើម។
កាលពីម្សិលមិញ ក្នុងពិធីសំណេះសំណាលជាមួយ មន្រ្តីរាជការនៅសាលាខេត្តប៉ៃលិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានរំលឹកឡើងវិញ អំពីបុព្វហេតុដែលនាំឱ្យ មានកិច្ចព្រមព្រៀងក្រុងប៉ារីស និងសន្តិភាពនៅកម្ពុជាសព្វថ្ងៃ។ សម្តេចបានបញ្ជាក់ថា បើសិនជាគ្មានការចរចារវាង «សីហនុ-ហ៊ុនសែន» ជាមុនទេនោះ គឺគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសនេះទេ ហើយបើគ្មាននយោបាយឈ្នះៗរបស់សម្តេចនោះ ក៏គ្មានសន្តិភាពនៅកម្ពុជាដូចពេលនេះដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើកុំឱ្យអ្នកនយោបាយទាំងឡាយបកស្រាយខុសអត្ថន័យនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយស្នើឱ្យអ្នកនយោបាយ កុំយករឿងកិច្ចព្រមព្រៀងនេះ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួន៕