(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញលោកសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ជាវាគ្មិនកិត្តិយស ធ្វើបទឧទ្ទេសនាមក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០២៧នាក់។
ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងបានរំលឹកពីប្រវត្តិនៃការបង្កើតផ្នែកឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលជាសមិទ្ធិផលមួយកើតចេញនៃការប្រើប្រាស់ភាពជាអ្នកដឹកនាំ និងមានការចូលរួមចំណែកពី លោកសាស្រ្តាចារ្យ ឆែម គាតរិទ្ធី ផងដែរ។
លោកសាស្រ្តាចារ្យ ក៏បានលើកជាសំណួរសម្រាប់ជូនវាគ្មិនកិត្តិយសបកស្រាយទៅលើ លក្ខខណៈសម្បតិ្តរបស់មេដឹកនាំ ដែលអាចនាំឱ្យសម្រេចបានគោលដៅនៅគ្រប់កាលៈទេសៈ។
ជាកិច្ចបន្តលោកសាស្រ្តាចារ្យទេសរដ្ឋមន្រ្តី បានធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំ ដ៏មានប្រសិទ្ធិភាព» ដោយបានចែករំលែក ករណីសិក្សា និងបទពិសោធន៍នៃការដឹកនាំរបស់ឯកឧត្តម នៅតាមស្ថាប័នអន្តរជាតិជាង៤០ ឆ្នាំកន្លងមក។
លោកសាស្រ្តាចារ្យ ក៏បានបង្ហាញថា ដើម្បីដឹកនាំឱ្យមានប្រសិទ្ធិភាព អ្នកដឹកនាំ៖ (១) ត្រូវយកចិត្តទុកដាក់លើកង្វល់របស់អង្គភាព ឬកង្វល់របស់បុគ្គលិកនិងត្រូវលះបង់ពេលវេលា ដើម្បីស្វែងរកដំណោះស្រាយកង្វល់ទាំងអស់ឱ្យគ្រប់ជ្រុងជ្រោយ (២) អ្នកដឹកនាំត្រូវមានចំណេះដឹងទូលំទូលាយ និងមានភាពក្លាហាន ក្នុងការចេះយកចំណេះដឹងទាំងនោះមកប្រើប្រាស់សម្រាប់ដោះស្រាយកង្វល់ និងសម្រាប់ផលប្រយោជន៍រួម (៣) អ្នកដឹកនាំត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន និងធ្វើឱ្យកន្លែងធ្វើការងារភាពត្រជាក់ត្រជុំ និង (៤) អ្នកដឹកនាំត្រូវប្រើប្រាស់សំដីឲ្យស្របទៅនឹងសកម្មភាពរបស់ខ្លួន (Walk the talk)។
ក្រោយពីបទបង្ហាញ លោកសាស្រ្តាចារ្យ ក៏បានឆ្លើយនូវសំនួររបស់សិក្ខាកាមយ៉ាងផលផុស ព្រមទាំងបានផ្តល់សារគន្លឹះ ដល់អ្នកដឹកនាំទាំងអស់ឱ្យប្រកាន់យកភាពមេត្តា និងករុណា និងមានសេចក្តីក្លាហាន ក្នុងការអនុវត្តន៍ការងារប្រកបដោយគុណធម៌ ឆ្ពោះទៅរកគោលដៅដែលបានកំណត់។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះលោកសាស្រ្តាចារ្យទេសរដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីធើ្វបទឧទ្ទេសនាម ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងសុខាភិបាល និងបានជូនពរដល់លោកសាស្រ្តាចារ្យទេសរដ្ឋមន្រ្តីមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕