(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងឲ្យដឹងថា ទំនប់សណ្ដរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ដ្រខណ្ឌដង្កោ ដែលត្រូវបានទឹកហូរកាត់ផ្ដាច់ប្រមាណ៦០ម៉ែត្រនោះ ត្រូវបានជួសជុលឡើងវិញបានជាង៤០ម៉ែត្រហើយ គិតមកដល់ពេលនេះ ពោលត្រូវការរយៈពេលមួយថ្ងៃទៀត នឹងបិទភ្ជាប់ទាំងស្រុងឡើងវិញ ខណៈដែលរន្ធនាគនៅតាមទំនប់សណ្ដរ ពី៣០ទៅ៤០កន្លែង ក៏ត្រូវបានជួសជុលជាបណ្ដើរៗផងដែរ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា រដ្ឋមន្ដ្រីក្រសួងធនធានទឹក លោក លឹម គានហោ បានដឹកនាំបញ្ជាផ្ទាល់លើការបិទភ្ជិត ទំនប់សណ្ដរ ដែលត្រូវទឹកហូរកាត់ផ្ដាច់ ព្រមទាំងការបញ្ជូនទឹកជៀសវៀង ការលិចលង់កាន់តែខ្លាំង ដោយសហការជាមួយកម្លាំងអាវុធហត្ថ និងអាជ្ញាធរខណ្ឌដង្កោ។
អ្នកនាំពាក្យក្រសួងធនធានទឹក បានបន្ថទៀតថា រហូតមកដល់ល្ងាចថ្ងៃទី២០ ខែតុលានេះ កម្ពស់ទឹកស្ពានព្រែកត្នោត គឺមានកម្រិតអតិប្បរមា ហើយធារទឹក មានកម្រិត១,២៥០ម៉ែត្រគូប ក្នុងមួយវិនាទីដែលកម្រិតនេះ យើងមិនដែលជួបប្រទះនោះឡើយ ពោល១៥ឆ្នាំទៅ ២០ឆ្នាំជួបម្ដង។ ប៉ុន្ដែលោករដ្ឋមន្ដ្រីក្រសួងធនធានទឹក បានបញ្ជាឲ្យបើកទឹកពីកំពង់ទួល ទម្លាក់ទៅក្រោមចន្លោះ ពី៧០០ ទៅ៨០០ម៉ែត្រគូប ក្នុងមួយវិនាទី ហើយនៅសល់ប៉ុន្មានទៀត បង្វែរចាក់ទៅតាមប្រឡាយចុះឡើងៗ ទើបអាចគ្រប់គ្រងស្ថានការ នៃការជន់លិចនេះបាន ហើយបើហ៊ានព្រលែង ទាំង១,២៥០ម៉ែត្រគូប ក្នុងមួយវិនាទី ចុះក្រោមទាំងអស់នោះ រាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងត្រូវប្រឈមយ៉ាងធ្ងន់ធ្ងរ ជាក់ជាមិនខានឡើយ។
យ៉ាងណាក៏ដោយ ស្ថានភាពកម្ពស់ទឹក និងធារទឹកស្ទឹងព្រែកត្នោត រហូតមកដល់ពេលនេះ គឺអាចគ្រប់គ្រងបាននៅឡើយ មិនទាន់មានបញ្ហាធ្ងន់ធ្ងរកើតឡើងនោះទេ។ ប៉ុន្ដែអ្នកនាំពាក្យក្រសួងធនធានទឹក រូបនេះ បានព្រមានថា បើសិនភ្លៀងនៅបន្ដធា្លក់ ផ្នែកខាងលើក្នុងខេត្តកំពង់ស្ពឺ កាន់តែខ្លាំងឡើងនោះ គឺស្ថានការអាចមានការប្រែប្រួលខ្លាំង ហើយការជន់លិចក៏កាន់តែខ្លាំងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់មួយចំនួន នៅក្នុងខណ្ឌដង្កោ ត្រូវបានទឹកជន់លិចរហូតត្រូវបានជម្លៀស ទៅកាន់ទីទួលមានសុវត្ថិភាព ហើយទឹកជន់លិចនេះ ក៏បានបំផ្លាញដំណាំ និងទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ៕