(ភ្នំពេញ)៖ ទោះបីជាអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា បានចូលជាធរមាន ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៦រួចមកហើយក្តី ក៏គេនៅសង្កេតឃើញ មានផលិតផលថ្នាំជក់ ដែលពុំមានបោះពុម្ពសារព្រមាន សុខភាពជារូបភាព នៅលើសំបកកញ្ចប់ ផលិតផលថ្នាំជក់ បន្តលក់យ៉ាងគឃ្លើន រហូតមកទល់ពេលនេះ។

អនុក្រឹត្យនេះ បានផ្តល់ពេលអនុគ្រោះចំនួន៩ខែ សម្រាប់ក្រសួងសុខាភិបាល និងក្រុមហ៊ុនថ្នាំជក់ ដើម្បីរៀបដំណើរការផលិត និងសម្អាតផលិតផលរបស់ខ្លួន នៅក្នុងទីផ្សារមុនពេលអនុក្រឹត្យនេះ ចូលជាធរមាននឹងអនុវត្ត។

ផ្ទុយទៅវិញ ក្រុមហ៊ុនអន្តរជាតិធំៗ មួយចំនួនដូចជា BAT, JTI, បែរទៅជាបង្កើនស្តុកនៅទីផ្សារ ដើម្បីបង្កើនចំនួនលក់របស់ខ្លួន ហើយធ្វើអោយផលិតផលបារី ដែលពុំមានបោះពុម្ពសារ ព្រមានសុខភាពជារូបភាព នៅទីផ្សារទាំងនោះបានក្លាយ ទៅជាផលិតផលខុសច្បាប់ ក្រោយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ក្រសួងសុខាភិបាល បានចេញលិខិតព្រមានជា លាយល័ក្ខអក្សរដែលចុះហត្ថលេខាដោយ លោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយលិខិតនោះ បានព្រមានថា គណៈកម្មការអន្តរក្រសួង នឹងមានវិធានការផ្លូវច្បាប់ ចំពោះក្រុមហ៊ុនថ្នាំជក់ ទាំងឡាយណា ដែលនៅតែបន្តរំលោភអនុក្រឹត្យ លេខៈ១៤៩អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការបោះពុម្ពសារព្រមាន សុខភាពជាភាសាខ្មែរ និងជារូបភាពព្រមទាំងធ្វើការ ផាកពិន័យចំពោះក្រុមហ៊ុនទាំងឡាយណា ដែលបន្តផ្តល់ឆ្នោតផ្សងសំណាង និងវត្ថុអនុស្សាវរីយ៍ ដល់អតិថិជនរបស់ខ្លួន។

ទាក់ទិន និងបញ្ហានេះ លោកអគ្គនាយកប្រចាំទីផ្សាកម្ពុជា របស់ក្រុមហ៊ុនហួត្រាកូ ដែលផលិតបារី (ម៉ាកហ្វីន និងដាវីដុស) បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានចាត់វិធានការ ចំបាច់មួយចំនួន ធ្វើយ៉ាងណាឲ្យផលិតផល របស់ក្រុមហ៊ុនដែលលក់នៅទីផ្សារ មានបោះពុម្ពសារព្រមានសុខភាព ជារូបភាពដូចដែល តំណាងឧស្សាហកម្មថ្នាំជក់ ធ្លាប់បានព្រមព្រៀងជាមួយ និងក្រសួងសុខាភិបាល នាកិច្ចប្រជុំកន្លងមក។

លោកបានបន្តទៀតថា រហូតមកទល់ពេលនេះ ផលិតផលរបស់ក្រុមហ៊ុនច្រើនជាង៩៨% នៅលើទីផ្សារ គឺមានបោះពុម្ពសារព្រមានសុខភាព ជារូបភាព និងជាភាសាខ្មែរ ដែលតម្រូវដោយច្បាប់។

គួរបញ្ជាក់ថាមានកញ្ចប់បារីរបស់ក្រុមហ៊ុនមួយចំនួន មិនទាន់មានបោះពុម្ពសារព្រមានសុខភាព ជារូបភាពនៅឡើយទេ។ កត្តាទាំងនេះនាំឲ្យក្រុមអាជីវករ ដែលលរកស៊ីលក់បារីរាយ នៅតាមមូលដ្ឋានទាំងនោះ ប្រឈមនឹងផ្លូវច្បាប់ដោយសារពួកគេ យកបារីមកលក់ មិនមានសារព្រមានសុខភាព ជារូបភាពនៅលើកញ្ចប់បារី៕