(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេស ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកគណៈប្រតិភូទៅកាន់ប្រទេសថៃ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅ។
គណៈប្រតិភូអមដំណើររួមមាន៖ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន, ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន, ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
សូមជំរាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងមន្រ្តីជាន់ខ្ពស់កម្ពុជាផ្សេងទៀត បានយាង និងអញ្ជើញទៅចុះហត្ថលេខា និងចុះហត្ថលេខាលើសៀវភៅមរណៈទុក្ខនៅស្ថានទូតថៃ នៅភ្នំពេញ៕