(ភ្នំពេញ)៖ បុគ្គលអ្នកសារព័ត៌មានចំនួន២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធករណីវីដេអូ នៃការប្រើប្រាស់អំពើហិង្សា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចាប់ខ្លួននេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, បុគ្គលអ្នកសារព័ត៌មានទាំង២នាក់នេះ បានកាត់តវីដេអូនៃការប្រើប្រាស់អំពើហិង្សាមួយ ហើយចែកចាយនៅតាមបណ្ដាញសង្គម និងចោទប្រកាន់ខុសពីការពិតថា ករណីហិង្សានោះបានកើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលវីដេអូនោះបានកើតឡើងនៅឯបរទេស និងមិនមានប្រភពដើមនៃការចែកចាយច្បាស់លាស់ឡើយ។

ការប្រឌិតព័ត៌មានខុសពីការពិត នៃសកម្មភាពអំពើហិង្សាធ្វើទារុណកម្មនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងកេរ្ដិ៍របស់ប្រទេសកម្ពុជា ដែលមិនអាចអត់ឱនឲ្យបានឡើយ ហើយកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនខ្លួនបុគ្គលទាំង២នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នេះបើតាមអ្វីដែលលោក ជួន ណារិន្ទ បានគូសបញ្ជាក់។

សូមជម្រាបថា វីដេអូនៃការប្រើប្រាស់អំពើហិង្សា ដោយបុរសម្នាក់ត្រូវបានចាប់គេដាក់ខ្នោះដៃឱបជាប់បង្គោលដែក ហើយមានបុរសម្នាក់ទៀតប្រដាប់ដោយដំបង បានវាយដំទៅលើជនរងគ្រោះ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គមនោះ មិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺជាវីដេអូដែលកើតឡើងនៅបរទេស ហើយក៏មិនមានប្រភពណាបញ្ជាក់ច្បាស់លាស់ថានៅប្រទេសណានោះទេ៕