(កំពង់ចាម)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ក្រោមការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង បានធ្វើការបង្ក្រាប ទីតាំងហ្គេម តាមប្រព័ន្ធអ៊ិនធឺណេត យីហោ «79NET» ឃាត់ខ្លួនបានអ្នកចូលលេង និងអ្នកចាត់ចែង៣នាក់ ផងដែរ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនារសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិ១១ សង្កាត់កំពង់ចាម ហើយក្នុងនោះកម្លាំងនគរបាលជំនាញ ឃាត់ខ្លួនអ្នកចាត់ចែង៣នាក់ ទី១-ឈ្មោះ ម៉េង ស្រីអូន អាយុ២២ឆ្នាំ ទី២-ឈ្មោះ សោម សុខឡែន អាយុ២៨ឆ្នាំ និងទី៣-ឈ្មោះ ហេង វិសាល អាយុ២៦ឆ្នាំ។

លោកស្នងការ បញ្ជាក់ថា ក្រោយប្រតិបត្តិការកម្លាំងរបស់លោក បានដកហូតវត្ថុតាងមួយចំនួន ដូចជា ក្បាលកុំព្យូទ័រ១៤គ្រឿង, ម៉ៅសម្រាប់ចុច១៣, ឃីបត១៣, ស៊ីភីយូ១៣គ្រឿង, ម៉ូតូ២គ្រឿង, សៀវភៅតក់ត្រាអ្នកលេង និងបញ្ជីកត់លុយ៥ក្បាល, ប័ណ្ណដាក់ប្រាក់ធនាគារអេស៊ីលីដា៧សន្លឹក, ក្បាលកាម៉ារ៉ាសុវត្ថិភាព៤, ប្រាក់ដុល្លារ ៥២១ដុល្លារ, ប្រាក់ខ្មែ១៩១,០០០រៀល។
ក្រោយឃាត់ខ្លួន មនុស្សទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕