(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំឲ្យមានការជួបពិភាក្សាគ្នា ជាមួយសាកលវិទ្យាធិការ និងតំណាងសាកលវិទ្យាល័យជប៉ុនឈ្មោះថា ណាកូយ៉ា ដែលជាជំនួបដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត រយៈពេល២ថ្ងៃ នៅអាគារកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC នៅថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០១៦នេះ ។
នៅក្នុងជំនួបពិភាក្សាគ្នា រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យជប៉ុន «ណាកូយ៉ា» លោក ជាត លីជា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន លើកឡើងថា ជំនួបដំបូងបង្អស់ រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យណាកូយ៉ា គឺតម្រង់រកការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និង គឺដើម្បីសម្រេចឲ្យបាននូវ គោលនយោបាយ របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាការផ្លាស់ប្តូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកផងដែរ ។
កម្មវិធីសំណេះសំណាលនេះ មានការចូលរួមពីសាកលវិទ្យាធិការ និងសាស្រ្តចារ្យ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាធិការ និងសាស្រ្តចារ្យនៃសាកលវិទ្យាល័យណាកូយ៉ា រួមនឹងសមាជិកពាក់ព័ន្ធ ជាច្រើនទៀត ប្រមាណជាជិត១០០នាក់។
ក្នុងន័យនេះ លោក ជាត លីជា បានបន្ថែមថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងដើរតួនាទីយ៉ាងសំខាន់ ហើយអ្វីដែលសំខាន់ជាងនេះ គឺក្រុមប្រឹក្សាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋទាំងអស់ ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអះអាងថា ជំនួបលើកទី១នេះ យើងផ្តោតទៅលើប្រធានបទ ចំនួន៣ រួមមាន ទី១ គឺការដោះដូរការសិក្សា និងការស្រាវជ្រាវ ទី២ គឺការពង្រឹងសមត្ថភាព របស់សាស្រ្តចារ្យ និងទី៣ គឺការពង្រឹង និងគាំទ្រនិស្សិតនៅពេលរៀន និងពេលបញ្ចប់ការសិក្សា។ លោក ជាត លីជាឲ្យដឹងថា ផ្នែកទាំង៣នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សាកលវទ្យាល័យទាំងអស់ នៅលើសាកលលោក។ សាកលវិទ្យាល័យទាំងអស់ ត្រូវផ្តោតជាសំខាន់លើការស្រាវជ្រាវ(សម្រាប់សាស្រ្តចារ្យ) និងការបង្រៀន(សម្រាប់សិស្ស និស្សិត)។
លោក ជាត លីជា ជឿជាក់ដែរថា ក្រោយការបញ្ចប់កិច្ចសំណេះសំណាលរយៈពេល២ថ្ងៃនេះ ទាំងភាគីកម្ពុជា និងភាគីជប៉ុន នឹងកាន់តែមានទំនាក់ទមនងល្អ នឹងគ្នាបន្ថែមទៀត ជាពិសេសគឺ អាចចូលរួមជួយដល់ វិស័យអប់រំនៅកម្ពុជា កាន់តែរីកចំរើនបន្ថែមទៀត៕