(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីអត្ថប្រយោជន៍ ៨ចំណុចដែលអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបាន នៅពេលចុះឈ្មោះចូលក្នុងប្រព័ន្ធ។
លោកលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈថ្នាលឌីជីថល នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
លោក ហែម វណ្ណឌី បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូន តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។
លោកបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនេះ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។ ការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ អនុញ្ញាតិឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានទិន្នន័យច្បាស់លាស់ សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ។
លោកបានគូសបញ្ជាក់ថា សម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅពេលចុះឈ្មោះចូលក្នុងប្រព័ន្ធនឹងទទួលអត្ថប្រយោជន៍ជាច្រើនរួមមាន៖
ទី១៖ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅ្រប្រព័ន្ធ នឹងទទួលបានអត្តសញ្ញាណមួយ ដែលច្បាស់ជាទម្រង់ឌីជីថល និងទទួលបានការជួយពីរាជរដ្ឋាភិបាល នៅពេលដែលបញ្ហាណាមួយ។
ទី២៖ រាល់ម្ចាស់អាជីវកម្មដែលមានផលរបរក្រោម២៥០លានរៀល នឹងមិនតម្រូវឱ្យបង់ពន្ធ ដែលជាការគិតគូរ និងអនុគ្រោះយ៉ាងខ្លាំងដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ទី៣៖ ម្ចាស់អាជីវកម្មម្នាក់អាចចុះបានតែមួយអាជីវកម្ម ដោយសារតែការចុះឈ្មោះប្រើប្រាស់អត្តសញ្ញាណបណ្ណ
ទី៤៖ បន្ទាប់ពីការចុះឈ្មោះចូលក្នុងប្រព័ន្ធ បងប្អូនអ្នកប្រកបរបរក្រៅប្រព័ន្ធអាចស្នើទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យជួយគាំទ្រដល់ការបណ្តុះបណ្តាលលើជំនាញផ្សេងៗបាន។
ទី៥៖ ការចុះឈ្មោះនេះ ប្រៀបបានដូចជាកូនសោរ ដែលផ្តល់ភាពងាយស្រួល ក្នុងការស្នើសុំសេវាហិរញ្ញវត្ថុរួមទាំងសេវាឥណទាន ឬទុនវិនិយោគផ្សេងៗ ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ និងជៀសវាងទៅចងការប្រាក់ក្រៅផ្លូវការ។
ទី៦៖ មានលទ្ធភាពចូលជាសមាជិក ប.ស.ស ដើម្បីងាយស្រួលទទួលបានអត្ថប្រយោជន៍ក្នុងការទាំសុខភាព។
ទី៧៖ ការចែករំលែកទិន្នន័យ
ទី៨៖ ចំពោះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ការចុះឈ្មោះចូលក្នុងប្រព័ន្ធ នឹងងាយទទួលបានការថែទាំសុខភាពពីមូលនិធិសមធម៌
តាមរយៈការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME និងធនាគារ ARDB ។
ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះ រួមមានសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល, និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕