(តាកែវ)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានចុះជួបប្រជាពលរដ្ឋនៅក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតទឹកបង្កបង្កើតផលស្រូវប្រាំងរបស់ពួកគាត់។

សូមជម្រាបថា បើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋប្រហែលជា ៤០០នាក់បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ដើម្បីស្នើសុំដំណោះបើកទឹកឲ្យពួកគាត់បូមធ្វើស្រែប្រាំង ដែលខ្វះទឹកចំនួនប្រមាណជាង ៤៥០០ ហិចតានៅចំនួន០៥ ឃុំ គឺ ១-ឃុំកណ្តឹង ២-ឃុំក្រាំងធ្នង់ ៣-ឃុំចំប៉ី ៤-ឃុំ.ពារាម ៥-ឃុំត្នោត។ បន្ទាប់ពីអាជ្ញាធរសម្របសម្រួលជាមួយប្រជាពលរដ្ឋ នៅវេលាម៉ោង១០៖៥៦ នាទី ប្រជាពលរដ្ឋបានបើកដំណើរការផ្លូវលេខ០២ ឡើងវិញ៕