(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានបន្តជួបសំណេះសំណាលសិក្ខាកាមកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន ៣៦នាក់ ជាកងលើកទី១៣ ដែលមានមេបញ្ជាការកងជានារី ត្រៀមចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
នាឱកាសនោះ ឧត្តមសេនីយ៍ទោ សែម រតនា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដល់កងកម្លាំងទាំងអស់។
អគ្គនាយកស្តីទី បានថ្លែងថា កងកម្លាំងរាជអាវុធហត្ថមួកខៀវខាងលើនេះ នឹងចេញទៅចូលរួមបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង នាពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ។ កម្លាំងទាំងអស់នេះ មុនចេញទៅបេសកកម្ម គឺបានធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាលលើកជំនាញជាច្រើន ដូចជា សិក្សាអំពីសិទ្ធិមនុស្ស សិក្សាពីប្រវត្តិរបស់ប្រទេសស៊ូដង់ខាងត្បូង ការការពារជនស៊ីវិល ការការពារកុមារ ការកេងប្រវ័ញ្ញ និងការរំលោភបំពានផ្លូវភេទ ក្រមសីលធម៌របស់កងទ័ពមួកខៀវ ច្បាប់សង្គ្រាម និងបទដ្ឋានប្រតិបត្តិការរបស់កងរាជអាវុធហត្ថ និងការទទួលខុសត្រូវរបស់មន្ត្រីអាវុធហត្ថអង្គការសហប្រជាជាតិ។
ចំពោះការងាររបស់កងកម្លាំងអាវុធហត្ថមួកខៀវកម្ពុជា ដែលត្រូវបំពេញ គឺត្រួតពិនិត្យសណ្តាប់ធ្នាប់ ត្រួតពិនិត្យល្បឿនរថយន្ត ត្រួតពិនិត្យឯកសាររថយន្ត ត្រួតពិនិត្យជាតិអាល់កុល ការងារនៅ ព្រលានយន្តហោះ ល្បាតជាប្រចាំនៅខាងក្នុង និងខាងក្រៅបន្ទាយ នីតិវិធីនៃការឆែកឆេរសម្ភារកងប្តូរវេននៃបណ្តាកងទ័ពមួកខៀវប្រទេសផ្សេងៗជាដើម។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សែម រតនា ក៏បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលត្រូវចេញទៅបំពេញការងារបេសកកម្មនាខែកុម្ភៈខាងមុខនេះ ត្រូវតែអនុវត្តឱ្យបាននូវអ្វីដែលរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិបានដាក់ចេញ និងត្រូវគោរពឱ្យបាននូវច្បាប់របស់អង្គការសហប្រជាជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សែម រតនា និងលោក Honma នាយករង គោលនយោបាយ អាស៊ីប៉ាស៊ីហ្វិក ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានចុះមកវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលការហ្វឹកហ្វឺនរបស់សិក្ខាកាមទ័ពមួកខៀវកម្ពុជា ជំនាញវិស្វកម្ម កំពុងធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាល ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងប្រគល់អំណោយដល់សិក្ខាកាម និងយោធាចារ្យជប៉ុននៅទីលានហ្វឹកហាត់ផងដែរ។
វគ្គហ្វឹកហ្វឺននេះ មានរយៈពេល៦សប្តាហ៍ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមទ័ពមួកខៀវកម្ពុជាចំនួន៣០នាក់ ក្នុងនោះមានសិក្ខាកាមនារីចំនួន៣នាក់ ចំណែកយោធាចារ្យជប៉ុន មានចំនួន១៦នាក់។ វគ្គហ្វឹកហ្វឺនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងការពង្រឹងលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយសំខាន់លើការប្រើប្រាស់បញ្ជាគ្រឿងចក្រធុនធ្ងន់ប្រភេទអេស្កាវើទ័រ ការយល់ដឹងពីសុវត្ថិភាព និងការថែទាំ ជាមួយគ្នាក៏ត្រូវយល់ដឹងពីស្ត្រីដដើម្បីសន្តិភាព និងសន្តិសុខ។
ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន គឺភាគីជប៉ុនបានបើកវគ្គហ្វឹកហ្វឺនចំនួន១២វគ្គរួចហើយ លើជំនាញចំនួន៤ គឺជំនាញគ្រប់គ្រងការដ្ឋានសំណង់ ជំនាញបច្ចេកទេសវិស្វកម្មសំណង់ផ្តេក ជំនាញបច្ចេកទេសវាសស្ទង់គ្រូបង្គោល TOPO និងជំនាញបញ្ជាប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នីវ៉ាឡ័រ មានសិក្ខាកាមសរុបចំនួន២៤០នាក់៕