(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក ស្វាយ តុញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្ដន្ទាទោសក្រុមមន្រ្តីអាមេរិក និងខ្មែរសញ្ជាតិអាមេរិកចំនួន៤នាក់ ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ ព្រមទាំងបង្គាប់ឲ្យរួមគ្នា សងសំណងជាទឹកប្រាក់ជាង ១លានដុល្លារ និងសំណងជម្ងឺចិត្តចំនួន ៣០០លានរៀល ជូនដើមបណ្តឹងមានឈ្មោះ អេង លីគង់ ភេទស្រី ជាម្ចាស់គ្លីនិកព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ (Master Care Dental)។
សូមបញ្ជាក់ថា រឿងក្តីដ៏ធំមួយនេះ បានកើតឡើងតាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយរឿងរ៉ាវនោះកើតឡើងមានដើមបណ្តឹងអ្នកស្រី អេង លីគង់ បានប្តឹងមនុស្ស៤នាក់រួមាន៖ទី១-លោក សាន រីច្ឆឺ ជនជាតិខ្មែរសញ្ជាតិអាមេរិកាំង អាយុ៥២ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៥៦AB ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ និងមានផ្ទះមួយទៀតនៅទីក្រុងឡុងប៊ិច ទី២ លោក ស៊ីវ ស៊ីចាន់ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ ទី៣ លោក Thomas A. Willem ជាអ្នកជំនួញ និងទី៤ លោក Willem. Nojay សមាជិកសភាប្រចាំរដ្ឋញូវយ៉ក (បានសម្លាប់ខ្លួនហើយកាលពីពាក់កណ្ដាលខែកញ្ញា) ដែលពួកគេទាំង៤នាក់នេះ ជាថ្នាក់ដឹកនាំ នៃក្រុមហ៊ុន AKRA Agriculture Partners. Inc. រកស៊ីនាំអង្ករទៅសហរដ្ឋអាមេរិក។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តាមអង្គហេតុនៃដំណើររឿង កាលពីឆ្នាំ២០១២ ឈ្មោះ សាន រីច្ឆឺ បានបញ្ចុះបញ្ចូលអ្នកស្រី អេង លីគង់ ម្ចាស់មន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរឲ្យបោះទុន១លានដុល្លារទៅក្នុងក្រុមហ៊ុន AKRA Agriculture Partners. Inc. ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយជនជាប់ចោទទាំង៤នាក់ ដែលមានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងនៅកម្ពុជាផងដែរ។ ក្នុងការបោះទុននេះ ក្រុមហ៊ុនដែលមានលោក William Nojay ជាប្រធានហិរញ្ញិកបានសន្យាថា នឹងឲ្យអ្នកស្រីធ្វើជាសមាជិកគណៈកម្មការក្រុមហ៊ុន ដើម្បីឲ្យអ្នកស្រីមានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិក ដោយស្របច្បាប់ទាំងគ្រួសារតែម្ដង។ ប៉ុន្តែក្រោយពេលអ្នកស្រី អេង លីគង់ បានផ្ទេរលុយទៅឲ្យបុគ្គលទាំង៤នាក់ហើយ លោក សាន រីច្ឆឺ និងលោក ស៊ីវ ស៊ីចាន់ បានលាឈប់ពីក្រុមហ៊ុនដើម្បីផ្តាច់ការទាក់ទងរវាងអ្នកស្រី និងក្រុមហ៊ុននេះ ហើយអ្នកស្រីក៏មិនដែលបានធ្វើជាសមាជិកគណៈកម្មការក្រុមហ៊ុនដូចការសន្យាដែរ។
អ្នកស្រីក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងបុគ្គលទាំង៤នាក់នេះទាមទារប្រាក់១លានដុល្លារមកវិញបូករួមទាំងជំងឺចិត្ត២០ម៉ឺនដុល្លារ។ យ៉ាងណាក៏ដោយ មនុស្សជំនិតលោក សាន រិច្ឆឺ បានថ្លែងអះអាងថា រឿងឆរបោកនេះប្រាក់១លានដុល្លារ គឺជារឿងអយុត្តិធម៌ ព្រោះទឹកប្រាក់១លានដុល្លារដែលអ្នកស្រី អេង លីគង់ ប្តឹងមនុស្ស៤នាក់ថា បានឆរបោកនោះគឺជារឿងមិនត្រឹមត្រូវ ព្រោះលុយទាំងនោះគឺជាការចូលហ៊ុនគ្នារកស៊ី នៅក្រុមហ៊ុន AKRA Agriculture Partners. Inc. ជាក្រុមហ៊ុននាំអង្ករទៅសហរដ្ឋអាមេរិក។
បើតតាមមនុស្សជំនិតនិងជនជាប់ចោទ រឿងរ៉ាវក្តីនេះមានដូចតទៅ៖ ដើម្បីចូលហ៊ុនគ្នារកស៊ីអ្នកស្រី អេង លីគង់ បានចូលហ៊ុនគ្នារកស៊ីដោយដាក់ទុន១លានដុល្លារ, លើកទី១ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ លោក លឹម ស្រូយ ប្តីរបស់អ្នកស្រី អេង លីគង់ បានផ្ញើលុយ៥០ម៉ឺនដុល្លារ ទៅកាន់លោក Willem Nojay. ដែលជាប្រធានក្រុមហ៊ុននាំអង្ករទៅអាមេរិក, លើកទី២ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ (២៥ម៉ឺនដុល្លារ), លើកទី៣ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៥ (២៥ម៉ឺនដុល្លារ)។
ពិធីចុះហត្ថលេខាចូលហ៊ុនគ្នារកស៊ីនោះក៏មានការចូលរួមពីលោក អន ហ៊ុន មេធាវីការពារក្តី អ្នកស្រី អេង លីគង់ផងដែរ។ បន្ទាប់ពីមានការចុះហត្ថលេខានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ អ្នកស្រី អេង លីគង់ បានចូលធ្វើការក្នុងតំណែងជាអ្នកគ្រប់គ្រងទូទៅនៅលើក្រុមហ៊ុន AKRA Agriculture Partners. Inc. ជាក្រុមហ៊ុននាំអង្ករទៅសហរដ្ឋអាមេរិក។ ប៉ុន្តែក្រោយមកបែរជាអ្នកស្រី អេង លីគង់ ប្តឹងចោទប្រកាន់ថា លោក សាន រីច្ឆឺ ដែលជាបុគ្គលិកក្រមហ៊ុន និងបក្ខពួក៣នាក់ទៀត ថា បានឆរបោកលុយរបស់អ្នកស្រី១លានដុល្លារទៅវិញ។
សំណុំរឿងឆបោកប្រាក់រហូតដល់១លានដុល្លារអាមេរិកនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងឃុំខ្លួន សាន រីច្ឆឺ អស់រយៈពេល៤៣ថ្ងៃ ក្រោយមកក៏មានការដោះលែង ឲ្យនៅក្រៅឃុំវិញ ក្រោយមកការប្តឹងទំនាស់ពីសំណាក់មេធាវីការពារក្តី របស់លោក សាន រីច្ឆឺ ទៅលើការសម្រេចឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានជនជាប់ចោទបានលើកឡើងថា «ជារឿងអយុត្តិធម៌យ៉ាងខ្លាំងចំពោះរូបលោក ដោយលោកមិនឆរបោកករណីខាងលើនេះទេ, ព្រោះរឿងរ៉ាវនេះយើងមានឯកសារច្បាស់លាស់ ក្នុងការចុះហត្ថលេខារកស៊ីចូលហ៊ុនគ្នា និងឯកសារផ្ទេរប្រាក់គ្រប់ទាំងអស់។ លោកបានលើកឡើងថា ការចោទប្រកាន់ពីសំណាក់តុលាការនោះ គឺជារឿងមិនសមហេតុផល និងស្នើសុំឲ្យតុលាការទម្លាក់ការចោទប្រកាន់ទាំងស្រុងចំពោះរូបលោក»។
សូមជំរាបថា នាពេលកន្លងមកអ្នកស្រី អេង លីគង់ បានប្រាប់ដល់សារព័ត៌មានក្នុងស្រុកថា អ្នកស្រីបានចំណាយប្រាក់ចំនួនជិត២០ម៉ឺនដុល្លារ ទៅលើតុលាការ ដើម្បីយកឈ្នះឲ្យបានលើសំណុំជាមួយលោក សាន រីច្ឆឺ និងបក្ខពួក៣នាក់ទៀត។ ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកស្រី អេង លីគង់ នេះត្រូវបានមជ្ឍដ្ឋានទូទៅថា ទំនងជាមានបញ្ហាមិនប្រក្រតីមួយចំនួនហើយ នៅស្ថាប័នតុលាការពាក់ព័ន្ធនឹងការចំណាយលុយដ៏ច្រើនរបស់អ្នកស្រី ដើម្បីចោទប្រកាន់គូបដិបក្ខរបស់ខ្លួននៅតុលាការក្រុងភ្នំពេញ។
នៅក្នុងសវនាការកាលពីព្រឹកមិញ ក្រុមមេធាវីទាំងសងខាង បានឆ្លើយការពារកូនក្តីរបស់ខ្លួនរៀងៗខ្លួនដោយលើកអំណះអំណាងផ្សេងៗ។ លោក អ៊ន ហ៊ីង មេធាវីការពារឲ្យអ្នកស្រី អេង លីគង់ បានថ្លែងថា ជនជាប់ចោទទាំង៤នាក់ ដែលគ្មានវត្តមានក្នុងសវនាការ គឺជាក្រុមឆបោកដែលមានអង្គការចាត់តាំងច្បាស់លាស់។
លោកថ្លែងថា៖ «ក្រុមនេះមានអង្គការចាត់តាំងច្បាស់លាស់ពួកគេរៀបចំដើម្បីបោកលុយពីកូនក្តីខ្ញុំ។ ក្រោយពេលឆបោកបានហើយអ្នកខ្លះបានលាឈប់ដើម្បីផ្តាច់ទំនាក់ទំនងកូនក្តីខ្ញុំពីក្រុមហ៊ុន គឺពួកគេមានគម្រោងទុកមុន។ ដូច្នេះនេះជាអំពើឆបោកពិតប្រាកដ»។ លោកថ្លែងថា ក្រុមហ៊ុននេះមិនមានសកម្មភាពទេ ទោះណាជាបានចុះបញ្ជីក៏ដោយ ដោយសារអ្នកស្រី អេង លីគង់ ដែលបានវិនិយោគក្នុងក្រុមហ៊ុននេះ មិនដែលទទួលបានរបាយការណ៍ហិរញ្ញវត្ថុម្តងណាឡើយ។ លើសពីនេះទៀត ក្រុមនេះបានក្លែងតួនាទីថា លោកជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ អ.ស.ប. តែតាមពិតគាត់បានចប់អាណត្តិជាយូរមកហើយ។
ចំណែកក្រុមមេធាវីការពារជនជាប់ចោទបីនាក់បានអះអាងថា ក្រុមហ៊ុននៅតែមានដំណើរការដោយបានលើកយករបាយការណ៍ហិរញ្ញវត្ថុពីអាមេរិកដែលបញ្ជាក់ថា ក្រុមហ៊ុននេះនៅមានប្រាក់ ២,៨ លានដុល្លារហើយថា ក្រុមហ៊ុនបានចេញលិខិតបញ្ជាក់ថាអ្នកស្រី អេង លីគង់ គឺជាសមាជិកគណៈកម្មការក្រុមហ៊ុន។ ក្រុមមេធាវីបន្តថា ក្រុមហ៊ុនអាក្រានៅកម្ពុជាមិនអាចដំណើរការ បានទេដោយសារតែពាក្យបណ្ដឹងនេះ និងមានការស្នើសុំមិនឲ្យជនជាប់ចោទចាកចេញពីកម្ពុជាកាលពីដំបូង។
ក្រុមមេធាវីការពារក្តីជនជាប់ចោទបានស្នើឲ្យតុលាការអនុញ្ញាតឲ្យកូនក្តីរបស់លោករួចផុតពីបទចោទ។ ក៏ប៉ុន្តែមេធាវីរបស់ដើមបណ្តឹង និងតំណាងអយ្យការបានស្នើឲ្យតុលាការផ្តន្ទាទោស ជនជាប់ចោទក្នុងកម្រិតអតិបរមានៃបទឆបោក។
តំណាងអយ្យការលោក ចែ សុង បានស្នើទៅចៅក្រមថា «តំណាងអយ្យការយល់ឃើញថា មានភស្តុតាង និងធាតុផ្សំគ្រប់គ្រាន់ដែលបញ្ជាក់ថា ពិតជាមានករណីឆបោកមែន។ តំណាងអយ្យការសូមស្នើឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទតាមមាត្រា៣៧៧ និង៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ»។ រហូតដល់ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ទើបចៅក្រមបានប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ទាំង៤នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ១ឆ្នាំ បង្គាប់ឲ្យរួមគ្នាសងដល់ដើមបណ្ដឹង១លានដុល្លារ និងជំងឺចិត្ត៣០០លានរៀល បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់៕