(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែបន្ដប្រកាន់ខ្ជាប់យន្ដការចំនួន៣ ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបក្រុមក្មេងទំនើងកុំឲ្យងើបឡើងវិញ។

យន្ដការ៣ចំណុច ដែលលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាន់ខ្ជាប់នោះ រួមមាន៖ ទី១៖ វិធានការផ្សព្វផ្សាយអប់រំ, ទី២៖ វិធានការជំនាញក្នុងការស្រាវជ្រាវ ស៉ើបអង្កេត និងឈានទៅបង្ក្រាបមុខសញ្ញាសេសសល់ និងទី៣៖ វិធានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។

ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថា ករណីក្រុមក្មេងទំនើងនេះសមត្ថកិច្ចជំនាញមិនអាចបន្ធូរដៃបានឡើយ ទោះបីស្ថានភាពនៅពេលបច្ចុប្បន្នហាក់មានភាពស្ងប់ស្ងាត់ក៏ដោយ។ លោកសង្កត់ធ្ងន់ថា ប្រសិនបើសមត្ថកិច្ចធ្វេសប្រហែសតែបន្ដិច ក្រុមក្មេងទំនើងនេះនឹងងើបឡើងវិញជាក់ជាមិនខាន។

ជាមួយគ្នានេះ លោកបានស្នើសុំកិច្ចសហការជាមួយឪពុក ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ដើម្បីឲ្យជួយផ្ដល់ព័ត៌មាន ឬរាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងករណីមានសង្ស័យណាមួយពាក់ព័ន្ធសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន។ លោកអះអាងថា ការទប់ស្កាត់ក្រុមក្មេងទំនើង ក៏ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

សូមស្ដាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖