(ភ្នំពេញ)៖ នៅពេលដែលគេនឹកឃើញដល់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គេមិនដែលភ្លេចវីរបុរស២រូប គឺព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន នោះទេ។ វីរបុរស២រូបនេះ គឺជាអ្នកនាំមកនូវកិច្ចព្រមព្រៀងក្រុងប៉ារីស និងសមិទ្ធផលនានាដល់សព្វថ្ងៃ។ នេះគឺជាការលើកឡើង នៅក្នុងសេចក្ដីថ្លែងការ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា «សមិទ្ធផលដែលមាននៅថ្ងៃនេះ គឺយើងមិនអាចបំភ្លេចនូវគុណូបការៈ និងជំនួបជាប្រវត្តិសាស្ដ្រលើកទី១ រវាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS និងលើកទី២ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE នាប្រទេសបារាំង»។
គណៈកម្មាធិការនេះ បានបន្ថែមទៀតថា វីរបុរសទាំង២ បានរកឃើញការឯកភាពជាតិមួយ មុននឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខារវាងភាគីជម្លោះទាំងបួន និងចូលរួមដោយប្រទេសហត្ថលេខីចំនួន១៩។ ជាងនេះទៅទៀត គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកតែមួយគត់ ដែលបាននឹងកំពុងធានាបន្ដ មរតកទាំងនេះ ដើម្បីកូនចៅជំនាន់ក្រោយ ជាពិសេសការធានាសន្ដិភាព ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។
កាលពីម្សិលមិញ ក្នុងពិធីសំណេះសំណាលជាមួយ មន្រ្តីរាជការនៅសាលាខេត្តប៉ៃលិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានរំលឹកឡើងវិញអំពីបុព្វហេតុដែលនាំឱ្យ មានកិច្ចព្រមព្រៀងក្រុងប៉ារីស និងសន្តិភាពនៅកម្ពុជាសព្វថ្ងៃ។ សម្តេចបានបញ្ជាក់ថា បើសិនជាគ្មានការចរចារវាង «សីហនុ-ហ៊ុនសែន» ជាមុនទេនោះ គឺគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសនេះទេ ហើយបើគ្មាននយោបាយឈ្នះៗរបស់សម្តេចនោះ ក៏គ្មានសន្តិភាពនៅកម្ពុជាដូចពេលនេះដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើកុំឱ្យអ្នកនយោបាយទាំងឡាយបកស្រាយខុសអត្ថន័យនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយស្នើឱ្យអ្នកនយោបាយ កុំយករឿងកិច្ចព្រមព្រៀងនេះ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួនឱ្យសោះ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្រ្គាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយ៤ភាគី រួមមាន ភាគីព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ , សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោកតា សឺនសាន និងភាគីខ្មែរក្រហមជាដើម៕