(ភ្នំពេញ)៖ អង្គការអាកាសចរណ៍អន្តរជាតិ ដែលហៅកាត់ថា ICAO នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានចាប់ផ្តើមធ្វើសវនកម្ម ផ្តោតលើផ្នែកសុវត្ថិភាព នៅអាកាសចរណ៍កម្ពុជា។

ពិធីបើកការធ្វើសវនកម្មនេះ ត្រូវបានរៀបចំឡើងនៅ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ថ្លែងប្រាប់អ្នកយកព័ត៌មាន លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ការធ្វើសវនកម្មនេះមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ២៨ ខែតុលា ឆ្នាំ២០១៦ ដោយ៤ថ្ងៃនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង៤ថ្ងៃទៀត នៅព្រលានយន្តហោះអន្តរជាតិសៀមរាប។

លោកបានបញ្ជាក់ថា ការចុះធ្វើសវនកម្មរបស់ស្ថាប័នអន្តរជាតិនេះ គឺផ្តោតសំខាន់លើបញ្ហាសន្តិសុខ របស់កាសចរណ៍ស៉ីវិល ដោយស្ថាប័ននេះនឹងរៀបចំចងក្រងនីតិវិធ និងបែបបទសម្រាប់ការអនុវត្ត។  

លោកបន្តថា បញ្ហាសន្តិសុខ សុវត្ថិភាពអាកាសចរណ៍ មានសារសំខាន់ណាស់ ចំពោះព្រលានអន្តជាតិ និងព្រលានក្នុងស្រុក សំរាប់ធ្វើអាជីវកម្មវិស័យអាកាសចរណ៍ស៊ីវិល ព្រោះថា បើព្រលានគ្មានសន្ដិសុខ និងលក្ខណៈសម្បត្តិបច្ចេកទេសគ្រប់គ្រាន់ទេ គឺក្រុមហ៊ុន ឬមួយអ្នកធ្វើដំណើរ មិនមានបំណងក្នុងការហេះហើរ ចុះចតនៅព្រលានឡើយ។

លោកបញ្ជាក់ទៀតថា ការចុះធ្វើសវនកម្មលើកទី៣នេះ ខុសប្លែកពីលើកទី១ និងទី២ ដោយលើកនេះ ក្រុមប្រតិភូសវនកម្មអន្តរជាតិ មិនបានណែនាំអំពីចំណុះខ្លះខាត របស់វិស័យអាកាសចរណ៍យើងដូចមុនៗនោះទេ គឺយើងត្រូវខិតខំព្យាយាមលុបបំបាត់ នៅចំណុចខ្វះខាតដោយខ្លួនឯង។

លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា «ប្រសិនបើយើងមិនបានធ្វើការ លុបបំបាត់នូវបញ្ហាសំខាន់ៗទាំងនោះ ពួកគេអាចដាក់យើង ទៅក្នុងប្រព័ន្ធមានក្តីបារម្ភ ពាក់ព័ន្ធបញ្ហាសន្តិសុខ អីចឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់អាកាសចរណ៍ស៉ីវិល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ និងប៉ះពាល់ដល់ការហោះហើរ ចេញចូលរបស់កម្ពុជាផងដែរ»

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា អាកាសចរណ៍ស៉ីវិលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើសវនកម្មរបស់ស្ថាប័នអន្តរជាតិនេះ៕