(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោក Honma នាយករង គោលនយោបាយ អាស៊ីប៉ាស៊ីហ្វិក ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានចុះមកវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលការហ្វឹកហ្វឺនរបស់សិក្ខាកាមទ័ពមួកខៀវកម្ពុជា ជំនាញវិស្វកម្ម កំពុងធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាល ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងប្រគល់អំណោយដល់សិក្ខាកាម និងយោធាចារ្យជប៉ុននៅទីលានហ្វឹកហាត់ផងដែរ។
វគ្គហ្វឹកហ្វឺននេះ មានរយៈពេល៦សប្តាហ៍ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមទ័ពមួកខៀវកម្ពុជាចំនួន៣០នាក់ ក្នុងនោះមានសិក្ខាកាមនារីចំនួន៣នាក់ ចំណែកយោធាចារ្យជប៉ុនមានចំនួន១៦នាក់។ វគ្គហ្វឹកហ្វឺនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងការពង្រឹងលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយសំខាន់លើការប្រើប្រាស់បញ្ជាគ្រឿងចក្រធុនធ្ងន់ប្រភេទអេស្កាវើទ័រ ការយល់ដឹងពីសុវត្ថិភាព និងការថែទាំ ជាមួយគ្នាក៏ត្រូវយល់ដឹងពីស្ត្រីដដើម្បីសន្តិភាព និងសន្តិសុខ។
ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន គឺភាគីជប៉ុនបានបើកវគ្គហ្វឹកហ្វឺនចំនួន១២វគ្គរួចហើយ លើជំនាញចំនួន៤ គឺជំនាញគ្រប់គ្រងការដ្ឋានសំណង់ ជំនាញបច្ចេកទេសវិស្វកម្មសំណង់ផ្តេក ជំនាញបច្ចេកទេសវាសស្ទង់គ្រូបង្គោល TOPO និងជំនាញបញ្ជាប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នីវ៉ាឡ័រ មានសិក្ខាកាមសរុបចំនួន២៤០នាក់៕