(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នេះ សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាតំណាង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយ លោកស្រី ម៉ែន នារីសោភ័គ រួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយ មនុស្សរបស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ ចាស់ៗឥតទីពឹង ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារទីទ័លក្រ សរុបចំនួន ១,៣៤១គ្រួសារ ដែលអញ្ជើញមកពីភូមិចំនួន ៦៤ នៃឃុំទាំង ១១ របស់ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីសំណេះសំណាលនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល បាននាំនូវព្រះរាជបណ្ដាំផ្ញើ និងប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ និងសេចក្ដីនឹករឭកពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួម។ឮ
ក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបងប្អូនយកចិត្តទុក្ខដាក់ ថែរក្សាកូនចៅកុំឲ្យលេងទឹក ព្រោះរដូវនេះទឹកកំពុងតែឡើង ដើម្បីជៀសវាង នូវគ្រោះថ្នាក់ដែលកើតមានឡើង។ ស្របពេលជាមួយគ្នានេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាទឹកទុក សម្រាប់ប្រើប្រាស់នៅរដូវប្រាំង។ ទន្ទឹមនឹងនោះ សូមឲ្យប្រជាពលរដ្ឋរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងរាល់ពេលធ្វើដំណើរតាមដងផ្លូវ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុ។
លោកយាយ លោកតា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារទីទ័លក្រទាំង ១,៣៤១គ្រួសារ មានសេចក្ដីសោមនស្សក្រៃលែង និងបានសម្ដែងនូវការដឹងគុណ និងអរគុណចំពោះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះនៅគ្រប់ទិសទី ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង ១ដើម និងថវិកាមួយចំនួនផងដែរ៕