(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានសម្ដែងការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនងប៉ាគីស្ថាន និងកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានគោរពជម្រាបសម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយលោកបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថានលើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកុច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថានលើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។ ទន្ទឹមនឹងនោះ សម្ដេចមហាបវរធិបតីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពលផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន។
សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការគាំទ្រ និងវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែលលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្ដេចមហាបវរធិបតី និងលោករដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ក៏បានពិភាក្សាពីការជំរុញ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនរួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជន៕