(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្នុងនាម​​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តព្រះវិហារ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលជាច្រើន។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានគូសបញ្ជាក់អំពីទស្សនាទានរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អំពីគុណតម្លៃនៃ «សន្តិភាព» ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ជាមួយគ្នានេះ ដើម្បីធានានិងរក្សានូវ សន្តិភាព ដោយស្ថិរភាពនិងយូរអង្វែង គឺត្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន និងដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្រ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ សំដៅបន្តថែរក្សា និងពង្រីកនូវសមិទ្ធផលរបស់ខេត្តបន្ថែមទៀត។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានផ្ដល់នូវអនុសាសន៍ និងគោលការណ៍ណែនាំបន្ថែមលើកិច្ចការសំខាន់ៗមួយចំនួន សម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹង និងលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន និងការដោះស្រាយជីវភាពប្រជាជន ជាពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសពាក់ព័ន្ធបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ។

នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ ការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយ ឲ្យបានល្អប្រសើរ, ការដោះស្រាយបញ្ហាអត្រានុកូលដ្ឋាន ជៀសវាងកុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ, ជំរុញការចុះបញ្ជីដីធ្លី ការចេញបណ្ណតាម និងការដោះស្រាយទំនាស់ដីធ្លី, ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងពន្លឿនការដោះស្រាយបណ្ដឹងនៅតុលាការ និងការកាត់ក្តីប្រកបដោយយុត្តិធម៌ កាត់បន្ថយនូវការកកស្ទះសំណុំរឿងដោយ ឈរលើគោលការណ៍ច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងត្រូវគិតគូពីប្រយោជន៍រួមរបស់ប្រជាជននិងប្រយោជន៍ជាតិ អនុវត្តតាមអភិក្រម «ដោះស្រាយបញ្ហា និងមិនបង្កើតបញ្ហា» ក្នុងគោលដៅបង្កើនជំនឿទំនុកចិត្តពីប្រជាជន។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានរំលឹកពីអនុសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោក លោកស្រី សមាជិក សមាជិកា នៃអង្គសនិ្នបាតទាំងមូល ត្រូវរួមកម្លាំងគ្នាឲ្យទៅជាកម្លាំងសរុប ឈរលើផ្លូវតែមួយ ទិសដៅតែមួយ ខិតខំប្រឹងប្រែងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ សកម្ម និងបុរេសកម្ម ដោយយក «ស្មារតីខ្វល់ខ្វាយពីប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ដែលនេះគឺជាក្តីសង្ឃឹម និងការចង់បានរបស់ប្រជាជន ក៏ដូចជារបស់រាជរដ្ឋាភិបាល» ដើម្បីសម្រេចចក្ខុវិស័យដ៏មានមហិច្ឆតារបស់កម្ពុជា៕