(ប៉ៃលិន)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមានឈ្នះឈ្នះ រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញពិនិត្យមើល វឌ្ឍនភាពការ សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ គឺជាសំណង់ស្ថាបត្យកម្មមួយរំលេចពីអត្តសញ្ញាណនៃកតញ្ញុតាធម៌ ការដឹងគុណដល់គុណបំណាច់នយោបាយឈ្នះឈ្នះ ក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលជានិមិត្តរូបនៃសន្តិភាព ខណៈរដ្ឋាភិបាលកំពុងសាងសង់ស្តូបនយោបាយឈ្នះឈ្នះ នៅទីតាំង ៣ផ្សេងទៀត បន្ទាប់ពីភ្នំពេញ គឺកោះកុង អន្លង់វែង និងប៉ៃលិន ដែលជាប្រតិបត្តិករការទូតសន្តិភាព ដើម្បីផ្សព្វផ្សាយ ការធានាអាយុជីវិត ការធានាអាជីព និងមុខរបរ និងការធានាកម្មសិទ្ធិឯកជនដល់កម្លាំងសមាហរណកម្មភាគីខ្មែរក្រហម។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា នយោបាយឈ្នះឈ្នះ បានប្រែក្លាយកម្ពុជាពីវាលពិឃាត តំបន់អសន្តិសុខ ចម្ការមីន ដែលមនុស្សគ្រប់គ្នាភ័យខ្លាច ទៅជាប្រទេសមានសន្តិភាព ឯកភាពជាតិពេញលេញ ទីតាំងទេសចរណ៍ដ៏ទាក់ទាញ» ដូច្នេះ នយោបាយឈ្នះឈ្នះ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ពិតជាផ្តល់ផលប្រយោជន៍ធំធេងសម្រាប់ជាតិកម្ពុជាពិតប្រាកដមែន ហើយបានក្លាយជាខ្សែចរន្តក្នុងនយោបាយជាតិ ជាគោលដៅអភិវឌ្ឍន៍អតីតតំបន់សមរភូមិទៅជាទីស្ថានសុខដុម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានរម្លឹកកថា រយៈពេលជិត ៣០ឆ្នាំកន្លងទៅនេះ មិនមែនជាការវាយតម្លៃខ្ពស់ និងជ្រុលនិយមទេ តែជាសច្ចភាពពិតនាំមកនូវសន្តិភាពពេញលេញ ខណៈអង្គការសហប្រជាជាតិចំណាយប្រាក់អន្តរាគមន៍ ២ពាន់លានដុល្លារ ក៏មិនទាន់បានសន្តិភាព ដូច្នេះការសាងសង់ស្តូបអនុស្សាវរីនយោបាយឈ្នះឈ្នះ បន្ថែមទៀតនៅទីតាំងអតីតតំបន់រឹងមាំរបស់ខ្មែរក្រហមនេះ គឺជាការចារឹកប្រវត្តិសាស្ត្រ ដើម្បីឱ្យអ្នកជំនាន់ក្រោយបានសិក្សាពីបទពិសោធន៍ដ៏ជូរចត់ពីអតីតកាល ជាពិសេសចារឹកនូវភ័ស្តុតាងសម្រាប់ខ្មែរតទៅអនាគត ឱ្យចងចាំថាសង្គ្រាម វាងាយនឹងឆាបឆេះ ប៉ុន្តែការកសាងសន្តិភាពគឺពិបាក ហើយត្រូវការឆន្ទៈនយោបាយរឹងមាំ អ្នកដឹកនាំរឹងមាំ និងច្បាស់លាស់ ទើបអាចស្វែងរកសន្តិភាពបាន។

សូមបញ្ជាក់ថា៖ ការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន គឺមានទីតាំងស្ថិតនៅ ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានអនុគណៈកម្មាសាងសង់ និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាងនៃនយោបាយឈ្នះឈ្នះ ២-កត្តាទាំង៥ ចំណុចនៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ៕