(កំពង់ធំ)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ សហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្ម រួមនិងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅផ្សារកំពង់ធំ និងផ្សារតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
មន្រ្តីសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញបានយកចិត្តទុកដាក់ទៅលើផលិតផល ទំនិញម្ហូបអាហារ ទឹកស៊ីអ៊ីវ ទឹកត្រី ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ មី គុយទាវ នំបញ្ចុក ដែលអាជីវករ កំពុងដាក់តាំងលក់នៅតាមតូប ដើម្បីទទួលបាននូវម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព ។
មន្រ្តីកាំកុងត្រូល បានអះអាងថា តាមរយៈការចុះត្រួតពិនិត្យ នៅទីផ្សារកំពង់ធំ និងផ្សារតាំងក្រសាំងនេះ កម្លាំងចម្រុះ បានរុករក ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកជ្រលក់ ដែលនាំចូលពីប្រទេសវៀតណាម មានជាតិ ARSENIC តែជាលទ្ធផលពុំបានរកឃើញនោះទេ តែមន្រ្តីបានរកឃើញសាធាតុ Borax ចំនួន៣៣គីឡូក្រាម នៅក្នុងទីផ្សារកំពង់ធំ ។
មន្រ្តីកាំកុងត្រូលបានបន្តថា ក្រោយពិនិត្យរកឃើញទំនិញខូចគុណភាព នៅផ្សារកំពង់ធំ និងផ្សារតាំងក្រសាំងរួចមក កម្លាំងចម្រុះរបស់លោក ក៏បានចុះទៅពិនិត្យកន្លែងផលិតគុយទាវ ដែលមានម្ចាស់ ទីតាំងមាន ឈ្មោះ ញ៉ែ ពុំ ស្ថិតនៅភូមិតាំងក្រសាំង ឃុំឈើល្វីង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពីពេលកន្លងទៅ សិប្បកម្មខាងលើនេះ បានផលិតគុយទាវ មានដាក់សារធាតុ Borax ហាមឃាត់ តែពេលនេះ ទីតាំងសិប្បកម្មខាងលើ បានធ្វើតាមការណែនាំរបស់ មន្រ្តី កាំកុងត្រូល ដោយមានអនាម័យផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមកាងារក៏ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាល ការបរិភោគអាហារហួស កាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូល បានឱ្យដឹងថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញ បានធ្វើការចុះត្រួតពិនិត្យ ជាប្រចាំទៅតាមការណែនាំពី អគ្គនាយកកាំកុងត្រូលដើម្បីទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរចែកចាយ លក់ដូរផលិតផល ម្ហូបអាហារគ្មានអនាម័យទំនិញខូច គុណភាព ។
មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរនិងទិញទំនិញ ម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់ ៕