(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី២០តុលានេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ»នាទីស្ដីការក្រសួង ដែលមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចែករំលែកចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរ គំនិតយោបល់ និងបទពិសោធន៍ និងស្វែងយល់ពីគ្នាទៅវិញទៅមក ក្នុងការសម្រេចបានជោគជ័យស្របតាមគោលដៅដែលបានកំណត់។
លោករដ្ឋមន្ដ្រីបានថ្លែងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីយ៉ាងសំខាន់មួយនៃដំណើរការការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្ដបន្ដបន្ទាប់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាំងពីឆ្នាំ២០០៤មកហើយ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវតែបង្កើនការយកចិត្ដទុកដាក់ បន្ដខិតខំកសាង និងលើកកម្ពស់ក្នុងភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ការ នៃការបំពេញមុខងារ និងភារៈកិច្ចរបស់ខ្លួននៅគ្រប់កម្រិត ទាំងថ្នាក់ដឹកនាំក្រសួង អ្នកគ្រប់គ្រង និងអ្នកបច្ចេកទេសជំនាញ។
លោករដ្ឋមន្ដ្រីបន្ដថា «សិក្ខាសាលាថ្ងៃនេះ នឹងផ្ដល់ឱកាសសម្រាប់យើងទាំងអស់គ្នា ចែករំលែកចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរគំនិតយោបល់ និងបទពិសោធន៍ និងស្វែងយល់ពីគ្នាទៅវិញទៅមក ហើយដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់ការអនុវត្ដន៍ការងារ និងទទួលខុសត្រូវ ប្រចាំថ្ងៃរបស់យើង ហើយការកែទម្រង់ គឺជៀសមិនផុតពីការជួបប្រទះបញ្ហាប្រឈមការលំបាក ភាពស្មុគស្មាញនានាដែលយើងទាំងអស់គ្នាត្រូវតែតំាងចិត្ដពុះពារជំនះ ដើម្បីឈានទៅសម្រេចបានជោគជ័យ ស្របតាមគោលដៅដែលបានកំណត់»។
ទន្ទឹមនឹងនោះផងដែរ លោករដ្ឋមន្ដ្រីក៏បានថ្លែងអំពាវនាវដល់មន្ដ្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល និងតាមមន្ទីរពេទ្យទាំងអស់ ត្រូវតែប្រឹងប្រែងបំពេញកិច្ចការងារ ដោយភាពទទួលខុសត្រូវខ្ពស់ និងយកចិត្ដទុកដាក់ប្រកបដោយវិជ្ជាជីវៈ និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជាយើង ឲ្យមានប្រសិទ្ធិភាពកាន់តែខ្ពស់ ទោះពេលខ្លះមានបញ្ហាប្រឈមធំ តូចក៏ដោយ ក៏ត្រូវជំនះដោះស្រាយ កុំគេចវេសឲ្យសោះ ដោយពេលខ្លះទទួលបានការរិៈគន់ ពីមហាជនក៏ដោយ៕