Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤នាក់ ដកហូតថ្នាំ១៦កញ្ចប់

20-10-2016 15:23

(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានបន្តស្រាវជ្រាវ រហូតតាមបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ ព្រមទាំងដកហូតថ្នាំចំនួន១៦កញ្ចប់ ស្ថិតនៅបន្ទប់ជួលភូមិត្រពាំងគល់ សង្កាត់កន្ទោក។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានស្តីពីសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនរួចមក កម្លាំងជំនាញដោយមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានចូលទៅឆែកឆេរបន្ទប់ទី១ ពេលនោះរកឃើញមានមនុស្ស២នាក់ និងថ្នាំញៀន១៦កញ្ចប់តូច។

បន្ទាប់មកកម្លាំងនគរបាលក៏បន្តឆែកបន្ទប់ទី២ ដែលនៅជិតគ្នា ក៏រកឃើញមានមនុស្ស២នាក់ទៀត ដែលកំពុងពួននឹងមានចាក់សោរខាងក្រៅ ហើយមានគ្នាវាម្នាក់រត់បាត់ទៅ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យទាំង៤រួមមានទី១ឈ្មោះ ម៉ៅ សុម៉េត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិតាភេម សង្កាត់កំបូលទី២ឈ្មោះ ជា សំណាង អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតំបូកខ្ពស់ សង្កាត់កន្ទោក ទី៣ឈ្មោះ អ៊ួន ភារះ អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិត្រពាំងគល់ សង្កាត់កំបូល និងទី៤ឈ្មោះ កេត បូណា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។ សម្រាប់ជនសង្ស័យទាំង៤នាក់ ត្រូវបានយកទៅសួរនាំ និងត្រៀមបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕