(ប៉ារីស)៖ ក្រណាត់សូត្រ និងក្រមា ដែលជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ខ្មែរតាំងពីសម័យបុរាណកាលមក ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ផ្សព្វ ផ្សាយការទូតសេដ្ឋកិច្ច និងវប្បធម៌ ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសមាគម Padouma នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍នេះមានការចូលរួមពីភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ក្នុងនោះរួមមានបណ្តាអង្គទូតពីប្រទេសជាសមាជិកអាស៊ាន ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី ចៅសង្កាត់រងប៉ារីសទី៧ តំណាងធនាគារ BRED តំណាងវេទិកាធុរកិច្ចបារាំង ឥស្សរជនល្បីៗក្នុងពិភពសារព័ត៌មាន និងច្នៃម៉ូដ ដូចជាលោកMichel DRUCKER ពិធីករ និងជាអ្នកផលិតកម្មវិធីទូរទស្សន៍បារាំង និងលោកRodrigo Basilicati CARDIN ដែលត្រូវជាក្មួយរបស់លោក Pierre CARDIN អ្នកច្នៃម៉ូដបារាំងដ៏ល្បីល្បាញ និងជាប្រធានក្រុមហ៊ុន Pierre CARDIN។

លោកស្រី Yleng KEM អ្នកច្នៃម៉ូដដ៏មានទេពកោសល្យ ដែលមាន បទពិសោធន៍ ធ្វើការ ជាមួយ លោក Pierre CARDIN អ្នកច្នៃម៉ូដបារាំងរយៈពេល៤០ឆ្នាំ និងលោក Nizam PIARROUX អ្នកជំនាញ ច្នៃម៉ូដ បារាំងដែលមានបទពិសោធន៍ការងារក្នុងវិស័យនេះរយៈពេល៣០ឆ្នាំមកហើយបានរួមសហការគ្នា ច្នៃម៉ូដសម្លៀកបំពាក់ ដោយបញ្ចូល នូវវប្បធម៌ពីរផ្សេងគ្នារវាងខ្មែរ និងលោកខាងលិច បង្កើតជាស្នាដៃមួយដ៏ទាក់ទាញ ដែលមានបង្កប់នូវអត្ថន័យ ប្រវត្តិសាស្រ្ត និងតម្លៃនៃវប្បធម៌ខ្មែរ។ សម្លៀកបំពាក់បែបសាមញ្ញ ប៉ុន្តែ មានភាពទាន់សម័យតាមបែបលោកខាងលិច រំលេចនូវផ្ការំដួលដែលជាអត្តសញ្ញាណជាតិខ្មែរ បានបង្ហាញ ពីភាព ស្រស់ស្អាត ប្រណីតភាព និងសេចក្តីថ្លៃថ្នូរនៃស្នាដៃតម្បាញខ្មែរ។

ក្រៅពីអត្ថន័យជាសម្បតិ្តបេតិកភណ្ឌអរូបី ក្រណាត់សូត្រ និងក្រមាក៏បង្កប់នូវអត្ថន័យវប្បធម៌ សាមគ្គីភាព របស់ប្រជាពលរដ្ឋខ្មែរផងដែរ។ ការត្បាញចូលគ្នាម្តងមួយសរសៃៗ សបញ្ជាក់ពីការរួមគ្នាជា ប្រជាជាតិតែមួយ។ ជាគុណតម្លៃមិនអាចកាត់ថ្លៃបាន បងប្អូនពលរដ្ឋខ្មែរនៅប្រទេសបារាំង ក៏ដូចជានៅ ប្រទេស ផ្សេងៗ ទៀតលើ ពិភពលោក បានចំណាយពេលវេលា ប្រើប្រាស់ទេពកោសល្យ និងចំណេះជំនាញ របស់ខ្លួន ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ដ៏ផូរផង់និងសិល្បៈខ្មែរគ្រប់ទម្រង់ លើឆាកអន្តរជាតិ។

ការអភិរក្ស ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍ ដោយផ្អែកលើមូលដ្ឋាននៃវប្បធម៌ និង អត្តសញ្ញាណជាតិ គឺជាស្ពាននាំកម្ពុជាទៅកាន់វឌ្ឍនភាពនៃវប្បធម៌ និងការទទួលស្គាល់ជាអន្តរជាតិ។រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះការអភិរក្ស មរតកដូនតាខ្មែរ គ្រប់ទម្រង់ ដោយបានដាក់បញ្ចូលដោយជោគជ័យ «ក្រមាខ្មែរ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូនៅថ្ងៃទី៤ ខែធ្នូឆ្នាំ២០២៤៕