(ភ្នំពេញ)៖ បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា និងលោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា សហរដ្ឋអាមេរិក មិនមែនទើបតែចង់បានដែនកោះ Greenland មកគ្រប់គ្រងក្នុងពេលបច្ចុប្បន្ននេះទេ ពោលគឺចាប់តាំងពីឆ្នាំ១៩៤៦មកម្ល៉េះ នៅក្នុងអាណត្តិរបស់លោក ហ៊ែរី ទ្រូមែន Harry S.Truman។ ការលើកឡើងរបស់វាគ្មិនទាំង២រូប បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
Greenland ដែលសព្វថ្ងៃជាតំបន់ស្វយ័តរបស់ប្រទេសដាណឺម៉ាក ត្រូវបានលោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថាជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់មួយក្នុងការគ្រប់គ្រង និងទប់ទល់ឥទ្ធពលរបស់ចិន និងរុស្ស៊ី ខណៈចិនកំពុងតែរីកចម្រើនឡើងយ៉ាងឆាប់រហ័ស និងជាច្រក់សេដ្ឋកិច្ចក៏សំខាន់ ក្នុងការតភ្ជាប់មហាសមុទ្រអាត្លង់ទិកនិងអាកទិក ហើយលើសពីនេះទៅទៀត បើសិនជាសហរដ្ឋអាមេរិក ពិតជាអាចគ្រប់គ្រង Greenland បានមែនក៏មានឥទ្ធិពលដាក់សម្ភាធទៅលើកាណាដា ដែលលោក ត្រាំ ចង់ឱ្យកាណាដា ក្លាយទៅជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។
សូមជម្រាបថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០៨ ខែមករា បានប្រកាសថាលោក មិនបានបដិសេធជុំវិញលទ្ធភាពប្រើប្រាស់កម្លាំងយោធា ឬសកម្មភាពសេដ្ឋកិច្ច ដើម្បីបន្តការទិញយកព្រែកជីក Panama និងដែនដី Greenland ឡើយ។ Greenland ដែលសព្វថ្ងៃជាតំបន់ស្វយ័តរបស់ប្រទេសដាណឺម៉ា កវាស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកកចំនួន ៨០ភាគរយ និងជាមូលដ្ឋានយោធាអាមេរិកដ៏ធំមួយផងដែរ។
Greenland មានទីតាំងនៅចម្ងាយប្រហែល ១២០០គីឡូម៉ែត្រភាគខាងជើងនៃរង្វង់អាកទិក មូលដ្ឋាននេះមានស្ថានីយ៍រ៉ាដា ដែលជាកម្មសិទ្ធិរបស់ប្រព័ន្ធព្រមានមីស៊ីលផ្លោងរបស់អាមេរិក។ មិនត្រឹមតែ អាមេរិកប៉ុណ្ណោះទេ មហាអំណាចធំៗដូចជារុស្ស៊ី និងចិនក៏កំពុងពង្រីកសកម្មភាពរបស់ខ្លួន ដើម្បីបង្កើនឥទ្ធិពលរបស់ពួកគេនៅតំបន់អាក់ទិកផងដែរ។ ការកាន់កាប់ Greenland នឹងជួយអាមេរិកពង្រឹងជំហររបស់ខ្លួននៅក្នុងតំបន់អាក់ទិក ក៏ដូចជាគ្រប់តំបន់ជុំវិញពិភពលោក។ នេះបើយោងតាមកាសែត Wall Street Journal។
ជាបន្ត ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖